ជនជាតិចិន២នាក់ ដែលត្រូវបានមន្ត្រីជំនាញក្រសួងសុខាភិបាលបានដាក់ឲ្យធ្វើចត្តាឡីស័ក(ដាក់ឲ្យនៅដាច់ដោយឡែក)រយៈពេល១៤ថ្ងៃ នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់ ។
យ៉ាងណាក៍ដោយ បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកដោយបញ្ជាក់ថា ជនជាតិចិនទាំង២នាក់ ដែលសមត្ថកិច្ចកំពុងតាមរកនោះ គឺពួកគេបានតេស្តរកមេរោគកូវីដ១៩លើកដំបូងគឺឃើញអវិជ្ជមាន ប៉ុន្តែបានដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយដើម្បីតាមដានបន្ត ស្រាប់តែពួកគេមានទំនាស់គ្នា មិនដឹងផ្តើមពីរឿងអ្វី ក៍នាំគ្នារត់គេចខ្លួនបាត់តែម្តង ។
បើតាមអ្នកស្រី ឱ វណ្ណឌីន ជនជាតិចិនទាំង២នាក់នោះ បានមកដល់ប្រទេសកម្ពុជាកាលពីម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី០៨ កញ្ញាម្សិលមិញ ។
សូមបញ្ជាក់ថា នេះមិនមែនជាករណីលើកទី១ទេ ដែលជនត្រូវដាក់ឲ្យនៅដាច់ដោយឡែកបានរត់គេចពីកន្លែងដាក់ឲ្យធ្វើចត្តាឡីស័ក កន្លងមកមានអនិកជនខ្មែរមកពីអាមេរិកនិងជនជាតិវៀតណាម ក៍បានរត់គេចដូចគ្នានេះ តែត្រូវបានរកឃើញនិងបញ្ជូនមកដាក់ឲ្យនៅដាច់ដោយឡែកឡើងវិញ រហូតដល់មានការស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ឋពង្រឹងការការពារកុំឲ្យជនដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែករត់គេចខ្លួន ជៀសវាងករណីឆ្លងក្នុងសហគមន៍ប្រសិនបើពួកគេរកឃើញថាវិជ្ជមានក្នុងការធ្វើតេស្តរកមេរោគកូវីដ១៩នោះ ៕