លោក ហ៊ុន ម៉ាណែត ៖ គ្មានក្រុមណា បក្សណាអាចបំផ្លាញស្ថិរភាពបានទេ

អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា គ្មាន​ក្រុម​ណា បក្ស​ណា អាច​បំផ្លាញ​ស្ថិរភាព​បាន​នោះ​ទេ ដោយសារ​តែ​កងកម្លាំងប្រដាប់អាវុធ​ថែរក្សា ។​

​ការ​ថ្លែង​របស់​កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា ២០២០ ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​គម្រប់ ៣០​ឆ្នាំ ថ្ងៃ​ប្រកាស​បង្កើត​កងវរសេនាតូច​លេខ​២៤៦ និង​ខួប​អនុស្សាវរីយ៍​គម្រប់​១១​ឆ្នាំ នៃ​ការ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។​

​បើ​តាម BTV Radio បាន​ស្រង់​ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ា​ណែ​ត មក​បញ្ជាក់​ទៀត​ថា​«​ភារកិច្ច​របស់​កងទ័ព គឺ​ហ្វឹកហ្វឺន ត្រៀមប្រយុទ្ធ ត្រៀម​ដើម្បី​ចូលរួម​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី សុខ​សន្តិភាព ស្ថេ​រ​ភាព​ជូន​ប្រជាពលរដ្ឋ​។​»។

លោក​បន្ត​ថា «​មាន​មជ្ឈដ្ឋាន​ខ្លះ អ្នកនយោបាយ អង្គ​សង្គម​ស៊ី​វិល និង​វិទ្យុ​មួយ​ចំនួន​បាន​លើក​ជា​ប្រចាំ​ធ្វើ​យ៉ាង​ណា​ឲ្យ​មហាជន​បាត់​ជំនឿ​ទៅ​លើ​កងទ័ព ហើយ​កងទ័ព​ខ្លួន​មាន​សំណួរ​ថា តើ​ខ្លួនឯង​ធ្វើ​ត្រូវ​ឬទេ ? នេះ​គឺជា​សង្គ្រាមចិត្តសាស្ត្រ​មួយ ព្រោះ​កងកម្លាំង​ប្រដាប់ គឺជា​ខែល​ដ៏​សំខាន់​សម្រាប់​ជាតិ​របស់​យើង​។ គេ​វ៉ៃ​គ្រប់​បែប​យ៉ាង គ្រប់​វិធីសាស្ត្រ​ទាំងអស់ កាំបិត​ចាក់​តែ​ចាក់​វា​មិន​មុត ចាក់​ត្រូវ​វា​បាក់ ដោយសារ​ខែល​វា​ក្រាស់​។ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់បាន គឺ​វ៉ៃ​បំបាក់​ខែល​ការពារ​ជាតិ គឺ​កងកម្លាំង​គ្រប់​ប្រភេទ​របស់​យើង វ៉ៃ​តាម​រយៈ​ការ​វ៉ៃ​ពី​ខាងក្រៅ បង្កើន​ទម្ងន់​ឲ្យ​មហាជន​ដាក់​សម្ពាធ និង​វ៉ៃ​ពី​ខាងក្នុង​តាម​រយៈ​ច្រេះ​ស៊ី​ដែក​ឲ្យ​កងកម្លាំង​របស់​យើង​ឆាប់​បាត់​ជំនឿ​លើ​រដ្ឋាភិបាល ហើយ​បាត់​ជំនឿ​ទៅ​លើ​តួនាទី​ភារកិច្ច​របស់​ខ្លួន​​។»