ក្រុមគ្រួសាររបស់យុវជនម្នាក់ដែលជាអ្នកចម្រៀងរ៉េប បានអះអាងថា កូនប្រុសរបស់គាត់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងបញ្ជូនទៅឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តសៀមរាបកាលពីសប្ដាហ៍មុន បន្ទាប់ពីចេញបទចម្រៀងដែលបរិយាយអំពីបញ្ហាព្រំដែន។
លោក ផល គា ដែលជាឪពុករបស់យុវជន គា សុគុណ អាយុ២២ឆ្នាំ ម្ចាស់បទចម្រៀងរ៉េប«ដីខ្មែរ» បានរៀបរាប់ប្រាប់វីអូឌីនៅថ្ងៃនេះថា បុរស៥នាក់ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល បានធ្វើដំណើរទៅផ្ទះរបស់គាត់ ហើយប្រាប់ថា ទៅហៅកូនប្រុសគាត់ទៅថតការនៅខេត្តកាលពីថ្ងៃទី៤ ខែកញ្ញា ដោយសន្យាផ្ដល់ប្រាក់៤០០ដុល្លារក្នុងមួយថ្ងៃ។
លោក ផល គា ប្រាប់បន្តថា កូនប្រុសគាត់ក៏ទៅតាម រហូតដល់ម៉ោងជិត៧យប់នៅថ្ងៃដដែលនោះ កូនរបស់គាត់ខលមកប្រាប់ថា ខ្លួនកំពុងនៅស្នងការខេត្តវិញ។
លោក ផល គា ប្រាប់ថា៖ «ខ្ញុំក៏ឱ្យកូនទៅ រហូតដល់ល្ងាចម៉ោងជិត៧ វាបាត់ដំណឹង ទៅថតណា បានថ្មើរហ្នឹងមិនទាន់មកដល់។ ខលទៅ៣ទៅ៤ដង គេមិនលើកទេ។ ដល់ពេលមួយសន្ទុះ វាខលមកវិញ វាប្រាប់ថា វានៅស្នងការខេត្ត។ អ៊ីចឹង ម៉ែវា! ចុះហ្អែងទៅធ្វើអីស្នងការខេត្ត វាប្រាប់ថា គេចោទវាពីបទចម្រៀងអីណា។ គេឃាត់ ឥលូវគេយកទៅដាក់ដល់ពន្ធនាគារបាត់ហើយ»។
លោក ផល គា ឱ្យដឹងទៀតថា កូនប្រុសរបស់លោកបានប្រាប់លោកតាមទូរសព្ទថា សមត្ថកិច្ចបានបញ្ជូនខ្លួនកូនប្រុសលោកទៅឃុំនៅពន្ធនាគារនៅថ្ងៃទី៥ ខែកញ្ញា ពាក់ព័ន្ធនឹងចម្រៀងបទ«ដីខ្មែរ»ដែលកូនប្រុសរបស់លោកបានច្រៀង ហើយបង្ហោះតាមបណ្ដាញសង្គម។
បុរសរូបនេះ អះអាងថា កូនប្រុសរបស់លោកបាននិពន្ធបទចម្រៀងនោះដោយខ្លួនឯង ហើយមិនបានពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើយ។
លោក ផល គា ប្រាប់ថា៖ «សួរស្នងការ គេនិយាយតែពីរឿងច្រៀងបទចម្រៀងប៉ះពាល់ដល់សង្គមគេ។ ខ្ញុំសួរវា[កូន]ដែរ វាថា គេសួរតែពីចម្រៀងថាតើមានអ្នកណានៅពីក្រោយខ្នង អ្នកណាប្រើឱ្យធ្វើ ធ្វើឱ្យអ្នកណា កូនឯងកាន់គណបក្សណា ហើយវាមានកាន់គណបក្សណា វាមិនដែលបោះឆ្នោតផងហ្នឹង។ វាមិនដែលទៅកាន់គណបក្សណា វាច្រៀងតាមយូធូបរហូត។ វាច្រៀងបានលុយចូលកុងវា។ ដល់បទហ្នឹង វាប៉ះពាល់គេ វាល្បីពេក គេតាមចាប់វា។ គេមកអញ្ជើញ មកជួលត្រឹមត្រូវ តាមពិតអញ្ជើញទៅស្នងការសោះ»។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង ប្រាប់ថា លោកជាប់រវល់ប្រជុំ ខណៈស្នងការរង លោក ភឹង សម្បត្តិ សុំមិនធ្វើអត្ថាធិប្បាយទេ ដោយលោករុញឱ្យទៅសួរស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោក ភឹង ចិន្ដារ៉េត ដែលជាអ្នកធ្វើកិច្ចការងារនេះ។
លោក ភឹង ចិន្ដារ៉េត ប្រាប់ថា លោកមិនទាន់ទទួលបានរបាយការណ៍ពាក់ព័ន្ធនឹងរឿងចាប់ខ្លួនយុវជន គា សុគុណ នៅឡើយទេ។
លោក ភឹង ចិន្តារ៉េត ប្រាប់ថា៖ «ចាំមើលខ្ញុំសួរសិន ដូចមិនទាន់មានទេ មិនទាន់មានសេចក្ដីរាយការណ៍អីមកខ្ញុំផង។ បើមាន ខ្ញុំឆ្លើយតបមកវិញ»។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង បានប្រាប់ថា យុវជន គា សុគុណ ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
លោក យិន ស្រាង ប្រាប់ថា៖ «គេចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។
បទចម្រៀងរ៉េប «ដីខ្មែរ» ដែលមានរយៈពេល៣នាទី២៦វិនាទី ត្រូវបានបង្ហោះចូលលើឆាណែលយូធូបឈ្មោះ KEA SOKUN កាលពីថ្ងៃទី២៦ ខែមេសាកន្លងមកនេះ ដោយមានអ្នកចូលទស្សនាជិត២៧ម៉ឺន៧ពាន់ដង។ បទចម្រៀងនេះក៏ត្រូវបានចែកចាយទៅបណ្ដាញសង្គមផ្សេងទៀតផងដែរ។
បទចម្រៀងនេះមានខ្លឹមសារថា៖ «បើយើងអស់ដី គ្មានអ្វីនៅទៀតទេ កុំរវល់តែផឹកស៊ី ប្រយ័ត្នតែផែនទីនៅលើគេ សាសន៍មួយចំនួនកំពុងតែឈ្លានពានពេលដែលយើងបាក់សាមគ្គី គេនឹងមកទន្ទ្រាន។ ស្ដាប់ខ្ញុំឱ្យជាក់ ភ្ញាក់ពីដំណេកមក យើងគឺជាវីរបុរសយកខ្នោះទៅចាប់ចោរ កម្ទេចពួកកេងប្រវ័ញ្ចដាក់គុកហើយចាក់សោរ វ៉ៃយកសេរីភាពកុំខ្លាចកុំឆោឡោ»។
បើតាមឪពុកយុវជន គា សុគុណ អះអាងថា កូនប្រុសរបស់លោកបានឈប់រៀនតាំងពីថ្នាក់ទី៩មកម្ល៉េះ លោកបញ្ជាក់ថា ចាប់តាំងពីឈប់រៀនមក កូនប្រុសរបស់លោកក៏ផ្ដើមនិពន្ធបទចម្រៀងខ្លួនឯងហើយច្រៀងបង្ហោះតាមយូធូបតែម្ដង។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់ថា ការចាប់ខ្លួនយុវជន គា សុគុណ នេះ ធ្វើឡើងស្របពេលដែលអាជ្ញាធរបានចាប់ខ្លួនយុវជនជាបន្តបន្ទាប់។ លោកចាត់ទុកបទចម្រៀងរបស់យុវជនរូបនេះថា គ្រាន់តែសិល្បៈនិងការបញ្ចេញមតិតែប៉ុណ្ណោះ។
លោក អំ សំអាត ប្រាប់ថា៖ «មួយទៀត ចម្រៀងនេះមានរយៈពេល៤ខែ [ផុសរយៈពេល៤ខែ]។ អ៊ីចឹង យើងឃើញថា ស្របពេលដែលមានការចាប់ខ្លួនយុវជនជាបន្តបន្ទាប់ បានជាមានការចាប់ខ្លួនយុវជន គា សុគុណ។ អ៊ីចឹង យើងមើលទៅហាក់ដូចជាសេរីភាពនៅក្នុងការបញ្ចេញមតិរបស់គាត់ហ្នឹង ត្រូវបានរំលោភបំពាន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនិងបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។ ខ្ញុំគិតថា មិនគួរណាចាប់ឃុំខ្លួនគាត់ដោយសារបទចម្រៀងទេ ព្រោះនេះជាស្នាដៃសិល្បៈ»។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជាផងដែរនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» និងបញ្ជាឱ្យដាក់ឃុំនៅពន្ធនាគារបណ្ដោះអាសន្នកាលពីថ្ងៃទី១ ខែសីហា៕
ប្រភព៖ VOD