ខេត្តកំពង់ធំ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញប្រកាសសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
ក្រៅពីបញ្ចប់តំណែងស្នងការ ក្រសួងមហាផ្ទៃបានធ្វើលិខិតស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីបន្ថយឋានន្តរស័ក្កិលោកឧត្តមាសេនីយ៍ទោ អ៊ុក កុសល មកនៅត្រឹមវរសេនីយ៍ឯក (ស័ក្តិ៥)។
ការបញ្ចប់តំណែងលោកស្នងការននគរបាលខេត្តកំពង់ធំ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានរកឃើញកំហហុស លោកឧត្តមាសេនីយ៍ទោ អ៊ុក កុសល ពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាសលើមន្ត្រីនគរបាលជានារីដែលជាកូនចៅរបស់ខ្លួន។ មន្ត្រីនគរបាលជានារីចំនួន ០៤នាក់ បានដាក់ពាក្យបណ្តឹងប្តឹងមកសម្តេចក្រឡាហោម ស ខេង ដើម្បីឲ្យជួយរកយុត្តិធម៌។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីព្រលប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ថា សម្តេចក្រឡាហោម ស ខេង បានចេញប្រកាសជាស្ថាពរហើយ គឺបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែកញ្ញា ហើយក្រសួងមហាផ្ទៃបានស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីបន្ថយឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោ (ផ្កាយពីរ) មកនៅត្រឹមវរសេនីយ៍ឯក(ស័ក្តិ៥) ប៉ុន្តែលោក អ៊ុក កុសល ស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលដដែល ៕