នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រចុងសប្តាហ៍មុននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សំណុំរឿងរបស់លោក កឹម សុខា អាចពន្យារពេលរហូតដល់៤ឆ្នាំ គឺមានន័យថារហូតដល់ឆ្នាំ២០២៤ ។
បើតាមកាសែតខ្មែរថាមស៍(Khmer Times) បានស្រង់ការថ្លែងរបស់លោកប្រមុខរាជរដ្ឋាភិបាលដោយបញ្ជាក់ថា លោកកឹម សុខា បានស្នើឲ្យពន្លឿនការកាត់ក្តីរូបលោកក្នុងឱកាសដែលលោកបានទៅចូលរួមពិធីបុណ្យសពម្តាយក្មេករបស់លោកនាយករដ្ឋមន្ត្រី ប៉ុន្តែលោក ហ៊ុន សែន ថាវាអាស្រ័យលើតុលាការ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលដែលបានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែរនោះដែរ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីជាការព្យាករណ៍តែប៉ុណ្ណោះ តាមរយៈការសាកសួរអ្នកច្បាប់ ហើយលោកថា មិនមែនជាការបង្គាប់បញ្ជាទៅតុលាការនោះទេ។ លោកចាត់ទុកករណីលោកកឹម សុខា «ស្មុគស្មាញ»និង«ត្រូវការពេលវេលាយូរដើម្បីរកភស្តុតាង»។
លោកផៃ ស៊ីផានមានប្រសាសន៍ថា៖ «ជាដែនសមត្ថកិច្ចរបស់តុលាការហើយលោក(នាយករដ្ឋមន្ត្រី)សួរទៅខាងតុលាការ សួរ អ្នកជំនាញច្បាប់ ពីព្រោះករណីឧក្រិដ្ឋកម្មអ៊ីចឹង វាត្រូវការប្រើពេលយូរក្នុងការស្វែងរកផលប្រយោជន៍ជូនជនជាប់ចោទ(លោកកឹម សុខា)»។
លោកបន្ថែមថា៖ «លោក(ហ៊ុន សែន) គ្មានសិទ្ធិណាទៅសម្រេចទៅលើការសម្រេចចិត្តរបស់តុលាការទេ ពីព្រោះតុលាការធ្វើទៅតាមអង្គហេតុនិងអង្គច្បាប់ ឈរទៅលើករណីជាក់ស្តែងរឿងភស្តុតាង»។
លោកកឹម សុខា ដែលមានវ័យ៦៦ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី០២ ឆ្លងចូលថ្ងៃទី៣ កញ្ញា ២០១៧ ដោយសមត្ថកិច្ចចោទលោកពីបទពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «សន្ទិដ្ឋិភាពជាមួយបរទេស» ឬបទក្បត់ជាតិ ដោយលោកត្រូវបានចោទប្រកាន់ថា បានឃុបឃិតជាមួយបរទេសក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រោយការចាប់ខ្លួន លោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។ រហូតដល់យប់ថ្ងៃទី០៩ ឆ្លងចូលថ្ងៃទី១០ កញ្ញា ២០១៨ ទើបតុលាការ ដាក់ឲ្យលោក កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ តុលាការ ដោយផ្ទេរការឃុំខ្លួន ពីពន្ធនាគារ មកនៅក្នុងផ្ទះរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅថ្ងៃទី១០ វិច្ឆិកា ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបន្ធូរបន្ថយលក្ខខណ្ឌនៃការឃុំខ្លួនលោកកឹមសុខា ដោយអនុញ្ញាតឲ្យលោក អាចធ្វើដំណើរទៅគ្រប់ទិសទី នៅក្នុងទឹកដីកម្ពុជា ព្រមទាំងអាចជួបទូតបរទេស តែលោក កឹម សុខា នៅបន្តជាប់បម្រាម មិនអាចធ្វើនយោបាយបាននោះទេ។
មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ បានចែងថា «បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវ រ៉ូវគ្នា ដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ ទៅ ៣០ឆ្នាំ»។
លោក កឹម សុខា ដែលត្រូវបានដាក់ឲ្យនៅក្រៅមន្ទីរឃុំឃាំង និងលើកលែងការឃុំនៅផ្ទះនោះ ត្រូវបានគេឃើញថា បានចេញដំណើរទៅទស្សនកិច្ចនៅតាមខេត្តជុំវិញបឹងទន្លេសាប និងបណ្ដាខេត្តផ្សេងទៀត ដូចជាខេត្តកំពង់ចាម និងត្បូងឃ្មុំជាដើម ទោះបីលោកត្រូវតុលាការព្រមានដាស់តឿនក្រើនរំឭកពីលក្ខខណ្ឌតម្រូវនៃនីតិវិធីឃ្លាំមើលរបស់តុលាការយ៉ាងណាក្តី៕