ក្រសួង​ច្រាន​ចោលការ​ប្រឌិត​ថា «​រដ្ឋមន្ត្រី​សុខាភិបាល​ឲ្យ​ពលរដ្ឋ​ផឹកទឹក​ម្យ៉ាង​អាច​ព្យាបាល​ប៉ារ៉ាស៊ីត​ត្រឹម​២​ថ្ងៃ​»

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បដិសេធ​ទាំងស្រុង ព័ត៌មាន​ប្រឌិត​មួយ​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ដែល​ថា «​រដ្ឋមន្ត្រី​សុខាភិបាល ឱ្យ​ពលរដ្ឋ​ផឹកទឹក​ម្យ៉ាង​អាច​ព្យាបាល​ប៉ារ៉ាស៊ីត​ត្រឹម​២​ថ្ងៃ​»​។

លោកស្រី បាន​ចាត់​ទុក​ថា នេះ​ជា​ព័ត៌មាន​ប្រឌិត​ទាំងស្រុង ដែល​ធ្វើ​ឡើង​ដោយ​ជនខិលខូច ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់ លោក​សាស្ត្រាចារ្យ​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ។

ការ​ចេញ​មក​ច្រានចោល​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន Facebook ឈ្មោះ Easy Shirt បាន​ប្រឌិត​ព័ត៌មាន​មួយ​ថា «​ម៉​ម ប៊ុ​ន​ហេង ៖ ផឹកទឹក​នេះ​រាល់​ព្រឹក ហើយ​ប៉ារ៉ាស៊ីត​ទាំងអស់ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​២​ថ្ងៃ​» ៕