អ្នកជំងឺ​កូ​វី​ដ នៅ​ភូមា ស្លាប់​៣៩​នាក់​ហើយ ខណៈ​ឆ្លង​កើន​ដល់ ៣,៦៣៦​ករណី

រ៉​ង់​ហ្គូ​ន ៖ យោង​តាម​ការ​ចេញផ្សាយ​ជា​រៀងរាល់ថ្ងៃ ពី​ក្រសួងសុខាភិបាល​ភូមា បានអោយ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ថ្មី ០៤​នាក់​ទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប កើនឡើង​ដល់ ៣៩​នាក់​ហើយ ។

មន្ត្រី​ក្រសួងសុខាភិបាល​ភូមា បាន​និយាយ​ថា អ្នកជំងឺ COVID-19 ចំនួន​៤​នាក់​ខាងលើ​នេះ គឺ​ពួក​គេ​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ ។

ទន្ទឹម​នឹង​នេះ អ្នក​ឆ្លង​ចំនួន ១៣៤​នាក់​បន្ថែម​ទៀត បាន​ធ្វើតេស្ត វិជ្ជមាន សម្រាប់​កូ​វី​ដ​-១៩ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​បាន​កើន​ដល់ ៣.៦៣៦​ករណី ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ។

ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​រាយការណ៍​ពី​ករណី​ដែល​ឆ្លង​ជា​លើក​ដំបូង​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​នេះ ហើយ​អ្នកជំងឺ ៨៧២​នាក់ បានជា​សះស្បើយ ពី​ជំងឺ​នេះ​ក្នុង​រយៈពេល​ជិត​៦​ខែ ។

ករណី​ឆ្លង​ក្នុងស្រុក បាន​និង​កំពុង​កើនឡើង​នៅ​ក្នុង​ប្រទេស​នេះ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​រ៉​ង់​ហ្គូ​ន ក្នុងអំឡុងពេល​រលក​ទី​២ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦ ខែសីហា​មក ៕