ស្រាបម៉ាកយីហោ KWEICHOV MOUTAI ដែលគេស្គាល់ថាជាប្រភេទស្រាមានតម្លៃ ហើយជានិច្ចកាលប្រធានាធិបតីចិនតែងយកទទួលថ្នាក់ដឹកនាំកំពូលៗ និងភ្ញៀវពិសេស ត្រូវបានគេប្រទះឃើញលក់នៅលើទីផ្សារកម្ពុជា តែជាស្រាក្លែងក្លាយ។
មកទល់នឹងម៉ោង៨និង០៥នាទីយប់ថ្ងៃទី១៥ កញ្ញា ២០២០នេះ គេនៅមិនទាន់ដឹងថា តើស្រាម៉ាក KWEICHOV MOUTAI ដែលសមត្ថកិច្ចបង្ក្រាបបានខាងលើនេះ ផលិតនៅទីណា ម្ចាស់ជានរណា ហើយសមត្ថកិច្ចចាត់វិធានការបែបណានៅឡើយទេក្នុងសំណុំរឿងនេះ ។
លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ឋផលនៃការចុះបង្ក្រាបនិងរឹបអូសបានផលិតផលហាមឃាត់ ក្លែងក្លាយ ខូចគុណភាព ផុតសុពលភាព និងខុសច្បាប់ ដូចជា ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត ជាង៥០០តោន នារសៀលថ្ងៃទី១៥ កញ្ញា ២០២០ ដោយបញ្ជាក់ថា កន្លងមក គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ តែងតែធ្វើការអប់រំណែនាំដល់អតិថិជនទាំងអស់ ក៏ដូចជា អ្នកប្រើប្រាស់អំពីគ្រោះថ្នាក់ និងហានិភ័យ ចំពោះការប្រើប្រាស់របស់ក្លែងក្លាយ និងផលិតផលខូចគុណភាព ប៉ុន្តែជនខិលខូចមួយចំនួនតូចនៅតែផ្គើននិងនាំចូលដោយគ្មានខ្លាចក្រែងសមត្ថកិច្ច ។
យ៉ាងណាក៍ដោយ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានព្រមានថា «រាជរដ្ឋាភិបាលនឹងមិនអត់ឱន និងលើកលែងឲ្យជនខិលខូចទាំងឡាយណាទេ ដែលផលិតនិងចែកចាយផលិតផលខូចគុណភាព និង ក្លែងក្លាយ ហើយអ្នកដែលផ្គើននិងបំពានច្បាប់នឹងត្រូវទទួលតាមច្បាប់»៕