សូម្បីតែដីផ្នូរកប់ខ្មោចក៍មិនលើកលែង ឱ !មនុស្សសម័យនេះអើយ ?

ជនជាតិ​ដើម​ភាគតិច​ព្នង ៤០គ្រួសារ​រស់នៅ​ខេត្ត​មណ្ឌលគិរី ទាមទារ​ដី​ផ្នូរ​កប់​សព​ដែល​ឈ្មួញ​រំលោភ​យក​ទាំងស្រុង បង្ក​ផល​ប៉ះពាល់​ទីកន្លែង​គោរព​បូជា និង​ផ្នូរ​ដូនតា​របស់​អ្នក​ភូមិ។ ពលរដ្ឋ ៤០គ្រួសារ​ទាំង​នោះ​រស់​ភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​ថ្លែង​ថា អ្នក​មាន​អំណាច​ម្នាក់​ឈ្មោះ ហៀង ស្រីមុំ ថា បាន​ឈូស​ឆាយ​កម្ទេច​ផ្នូរ​កប់​សព​របស់​អ្នកភូមិ​អស់​ជាង ២០ផ្នូរ​ខណៈ​ផ្នូរ​ទាំង​នោះ ដែល​ពួកគាត់​បាន​កប់ខ្មោច​ជាបន្តបន្ទាប់ ជិត ៤០ឆ្នាំ​មក​ហើយ។

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង លោក លឹម សារៀន ប្រាប់​អាស៊ី​សេរី​ថា អ្នកភូមិ ៤០គ្រួសារ​មិន​សុខ​ចិត្ត ចំពោះ​ការ​ឈូស​ឆាយ​បំផ្លាញ​ផ្នូរ​កប់​សព​អស់​ទាំង​ស្រុង ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ។ លោក​ថា ដី​នៅ​តំបន់​នោះ មាន​ដី​ទំហំ ៤ហិកតារ ដែល​ឈ្មួញ​ឈូស​ឆាយ​រំលោភ​យក ក៏​ប៉ុន្តែ​អ្នកភូមិ​ទាមទារ​ឱ្យ​កាត់​ឆ្វៀល​ដី​ទំហំ ៤០ម៉ែត្រ បួនជ្រុង​តែ​ប៉ុណ្ណោះ ដើម្បី​រក្សា​ផ្នូរ​ដូនតា​ឱ្យ​គង់វង្ស​តែ​ឈ្មួញ​បាន​បដិសេធ។ លោក​បញ្ជាក់​ថា អ្នក​មាន​អំណាច​ឈ្មោះ ហៀង ស្រីមុំ បាន​គំរាមកំហែង​អ្នក​ភូមិ តាម​ប្រព័ន្ធ​តុលាការ នៅ​ពេល​ដែល​ពួកគាត់​ទាមទារ​ដី​ផ្នូរ​កប់​សព​ទាំង​នោះ សម្រាប់​គោរព​បូជា​បែប​ជំនឿ​សាសនា៖ «ឈូស​ឆាយ​អស់​រលីង បែក​ទាំង​ពាង​ផ្ទះ​សម្បែង​មាន​ឈើ​សង្កត់​ពីលើ​អស់​អា​លីង។ គាត់​មក​សំឡុត​គំរាម​ពួក​ខ្ញុំ​ថា​ ​ដឹង​តែ​ដី​ខ្ញុំ​ម៉េច ក៏​មក​កប់​នៅ​ហ្នឹង? ម៉េច​បាន​គាត់​និយាយ​អ៊ីចឹង​កើត? ដី​ខ្ញុំ​តាំងពី​ដូនតា​ ​ដី​ខ្ញុំ​កប់​សព​ហ្នឹង​តាំងពី​ឆ្នាំ១៩៨១ និង​ឆ្នាំ១៩៨២ ហើយ​គាត់​និយាយ​អ៊ីចឹ​ង​កើត​ដែរ»។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អភិបាល​ក្រុង​សែន​មនោរម្យ លោក ឡុង វិបុល ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី២៧ កញ្ញា។ ចំណែក​អ្នកស្រី ហៀង ស្រីមុំ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។ តែ​យ៉ាង​ណា​អ្នកស្រី ហៀង ស្រីមុំ បាន​បកស្រាយ​នៅចំពោះមុខ​ក្រុម​ពលរដ្ឋ​ថា គាត់​បាន​ទិញ​ដី​នៅ​តំបន់​នេះ តាំង​ពី​ឆ្នាំ២០០២ ហើយ​មានការ​ចុះបញ្ជី​ជា​ប្រព័ន្ធ​រួចហើយ។ ចំណែក​អ្នកភូមិ​បាន​ស្នើសុំ​ពិនិត្យមើល​ឯកសារ​ទិញ​លក់​ដី​នោះ តែ​អ្នកស្រី​បាន​បដិសេធ​មិន​ឱ្យ៕

ប្រភព ៖ RFA