គិតត្រឹមម៉ោង១១និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៨ កញ្ញា ២០២០នេះ សំណុំរឿងបាញ់រះនៅកណ្តាលទីក្រុងទេសចរណ៍និងពាណិជ្ជកម្មក្នុងព្រះសីហនុ នៅមិនទាន់ដឹងពីមូលហេតុនិងអ្នកណាខ្លះជាជនពាក់ព័ន្ឋក្នុងសំណុំរឿងបាញ់បោះសេរីបែបអាណាធិបតេយ្យក្នុងសង្គមដែលកំពុងឈានទៅរកនីតិរដ្ឋពិតប្រាកដនោះនៅឡើយទេ ។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មិនអាចរកការសុំអត្ថាធិប្បាយបានទេនៅព្រឹកថ្ងៃចន្ទនេះ ។
គួររំឮកថា បុរសអ្នករត់តុតុម្នាក់ត្រូវគេអះអាងបានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងប៉ូលិស ២នាក់ទៀតក៍ត្រូវបានគេអះអាងដែរថាបានរងរបួស នៅក្នុងការបាញ់រះមួយកណ្តាលក្រុងព្រះសីហនុកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ កញ្ញា ២០២០ ។
ប្រភពបញ្ជាក់ថា ទីតាំងកើតហេតុបាញ់រះមិនទាន់ដឹងពីមូលហេតុខាងលើនេះ កើតនៅចំណុចតាមផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ២ ខេត្តព្រះសីហនុ ។
សេចក្តីរាយការណ៍បឋមកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា ជនពាក់ព័ន្ធផ្ទុះអាវុធពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។
ប៉ុន្មានម៉ោង ក្រោយការបាញ់រះបណ្តាលឲ្យមនុស្សស្លាប់និងរបួស វីដេអូឃ្លីបស្តីពីការបាញ់នោះបានត្រូវគេចែកចាយបន្តនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយអ្នកឃើញហេតុការណ៍មួយចំនួនបាននិយាយថា ករណីបាញ់ខាងលើដូចក្នុងរឿងកុនហុងកុង ។ សង្ស័យតែគេថតកុនមែនដឹង បានស្ងាត់ឈឹង ? ។ ថ្ងៃក្រោយបើថា ថតកុន ត្រូវប្រាប់ពលរដ្ឋក្នុងមូលដ្ឋានក្បែរកន្លែងកើតហេតុ ឬ ក្នុងខេត្តព្រះសីហនុទាំងមូលឲ្យដឹងជាមុនផងទាន ជៀសវាងគាត់ច្រឡំភ័យស្លន់ស្លោរ អ្នកខ្សោយបេះដូងមានបញ្ហាដល់ជីវិតនោះថែមទៀត ៕