ជនជាតិដើមភាគតិចព្នង ៤០គ្រួសាររស់នៅខេត្តមណ្ឌលគិរី ទាមទារដីផ្នូរកប់សពដែលឈ្មួញរំលោភយកទាំងស្រុង បង្កផលប៉ះពាល់ទីកន្លែងគោរពបូជា និងផ្នូរដូនតារបស់អ្នកភូមិ។ ពលរដ្ឋ ៤០គ្រួសារទាំងនោះរស់ភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យថ្លែងថា អ្នកមានអំណាចម្នាក់ឈ្មោះ ហៀង ស្រីមុំ ថា បានឈូសឆាយកម្ទេចផ្នូរកប់សពរបស់អ្នកភូមិអស់ជាង ២០ផ្នូរខណៈផ្នូរទាំងនោះ ដែលពួកគាត់បានកប់ខ្មោចជាបន្តបន្ទាប់ ជិត ៤០ឆ្នាំមកហើយ។
តំណាងជនជាតិដើមភាគតិចព្នង លោក លឹម សារៀន ប្រាប់អាស៊ីសេរីថា អ្នកភូមិ ៤០គ្រួសារមិនសុខចិត្ត ចំពោះការឈូសឆាយបំផ្លាញផ្នូរកប់សពអស់ទាំងស្រុង ដើម្បីយកដីធ្វើកម្មសិទ្ធិ។ លោកថា ដីនៅតំបន់នោះ មានដីទំហំ ៤ហិកតារ ដែលឈ្មួញឈូសឆាយរំលោភយក ក៏ប៉ុន្តែអ្នកភូមិទាមទារឱ្យកាត់ឆ្វៀលដីទំហំ ៤០ម៉ែត្រ បួនជ្រុងតែប៉ុណ្ណោះ ដើម្បីរក្សាផ្នូរដូនតាឱ្យគង់វង្សតែឈ្មួញបានបដិសេធ។ លោកបញ្ជាក់ថា អ្នកមានអំណាចឈ្មោះ ហៀង ស្រីមុំ បានគំរាមកំហែងអ្នកភូមិ តាមប្រព័ន្ធតុលាការ នៅពេលដែលពួកគាត់ទាមទារដីផ្នូរកប់សពទាំងនោះ សម្រាប់គោរពបូជាបែបជំនឿសាសនា៖ «ឈូសឆាយអស់រលីង បែកទាំងពាងផ្ទះសម្បែងមានឈើសង្កត់ពីលើអស់អាលីង។ គាត់មកសំឡុតគំរាមពួកខ្ញុំថា ដឹងតែដីខ្ញុំម៉េច ក៏មកកប់នៅហ្នឹង? ម៉េចបានគាត់និយាយអ៊ីចឹងកើត? ដីខ្ញុំតាំងពីដូនតា ដីខ្ញុំកប់សពហ្នឹងតាំងពីឆ្នាំ១៩៨១ និងឆ្នាំ១៩៨២ ហើយគាត់និយាយអ៊ីចឹងកើតដែរ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី២៧ កញ្ញា។ ចំណែកអ្នកស្រី ហៀង ស្រីមុំ ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។ តែយ៉ាងណាអ្នកស្រី ហៀង ស្រីមុំ បានបកស្រាយនៅចំពោះមុខក្រុមពលរដ្ឋថា គាត់បានទិញដីនៅតំបន់នេះ តាំងពីឆ្នាំ២០០២ ហើយមានការចុះបញ្ជីជាប្រព័ន្ធរួចហើយ។ ចំណែកអ្នកភូមិបានស្នើសុំពិនិត្យមើលឯកសារទិញលក់ដីនោះ តែអ្នកស្រីបានបដិសេធមិនឱ្យ៕
ប្រភព ៖ RFA