តោះមកមើលមូលហេតុនៃការបាញ់រះកណ្តាលក្រុងព្រះសីហនុ

បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​«​អង្រុត​»​ទើប​ទទួល​បាន​នៅ​ប៉ុន្មាន​នាទី​មុន​នេះ បាន​បញ្ជាក់​ថា ករណី​ផ្ទុះអាវុធ​បាញ់​រះ​កណ្តាល​ក្រុងព្រះសីហនុ​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ កញ្ញា គឺ​ផ្តើម​ចេញពី​សន្តិសុខ​៣​នាក់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ហ្វា​មីង​ជូ ។​

​ប្រភព​បន្ត​ថា មុន​កើតហេតុ ក្រុម​សន្តិសុខ​បាន​ផឹកស៊ី​ស្រវឹង​នៅ​ខាងក្រោយ​អតីត​សាលា UME ដោយ​ជន​ឈ្មោះ សៅ បូ​ណា បាន​បើករថយន្ត​ម៉ាក Buick ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BE-២៣៧៦ ដែល​នៅ​ក្នុង​រថយន្ដ​មាន​គ្នា​៣​នាក់ ។ របាយការណ៍​របស់​នគរបាល​បញ្ជាក់​ថា ពួក​គេ​មាន​កាំភ្លើងខ្លី​២​ដើម គឺ​ម៉ា​កឡុក​១​ដើម ជា​របស់​ឈ្មោះ លីវ ភារ​ម្យ និង​ម៉ា​កឡុក​-៩២ មួយ​ដើម ជា​របស់​ឈ្មោះ សៅ បូ​ណា​។​

​ពួក​គេ​បាន​ឈប់​រថយន្ត​នៅ​មុខ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ក្នុង​ភាព​ស្រវឹង​ស្រែក​ឡូឡា និង​ដើរ​ចុះ​ពី​រថយន្ត​សំដៅ​មក​សមត្ថកិច្ច​ដែល​ឈរជើង​ការពារ​សណ្តាប់ធ្នាប់ ដោយនៅ​ក្នុង​ដៃ​មាន​កាន់​កាំភ្លើង​១​ដើម​បញ្ចូល​គ្រាប់​រួច​ជា​ស្រេច ។ ភ្លាម​នោះ សមត្ថកិច្ច​ដែល​មាន​គ្នា​៣​នាក់​ដែរ បាន​ស្ទុះ​ទៅ​ចាប់ដៃ​ជន​នោះ ដើម្បី​រារាំង​មិន​ឲ្យ​ធ្វើ​សកម្មភាព​ធ្ងន់ធ្ងរ​ណាមួយ ហើយ​អាវុធ​ក៏​ជ្រុះ​ពី​ដៃ ធ្វើ​ឱ្យ​ជន​នោះ​ខឹងសម្បា​រត់ឡើង​រថយន្ដ ទាញ​កាំភ្លើង​១​ដើម​ទៀត​ក្នុង​រថយន្ត រួច​បាញ់​មក​លើ​សមត្ថកិច្ច​បណ្ដាល​ឲ្យ​រង​របួស​ម្នាក់ ។ ក្រោយ​ពី​ផ្ទុះអាវុធ ជន​នេះ​បាន​ព្យាយាម​បើករថយន្ត​ដេញ​បំ​បុក​សមត្ថកិច្ច​ទៀត ទើប​សមត្ថកិច្ច​បាញ់​បំបែក​កង់​រថយន្ដ​នោះ ។​

​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​នោះ ភាគី​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ៅ ធី បាន​រង​របួស​ភ្លៅ​ស្ដាំ​១​គ្រាប់ ។ ឯ​អ្នក​បើក​ម៉ូតូ​កង់​៣​ម្នាក់ បាន​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ ដោយសារ​តែ​ការ​បាញ់​រះ​ពាស​វាល​ពាស​កាល​របស់​ក្រុម​ជន​ទាំងនោះ ។​

​ក្រោយ​ពី​ផ្ទុះអាវុធ​រួច សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​គឺ​ឈ្មោះ ម៉ៅ ធី និង​ឈ្មោះ សៅ បូ​ណា ។ ពួក​គេ​បាន​សារភាព​ថា មាន​គ្នា​៣​នាក់​គឺ ឈ្មោះ សៅ បូ​ណា ឈ្មោះ ម៉ៅ ធី និង​ឈ្មោះ លីវ ភារ​ម្យ មក​ធ្វើការ​នៅ​ខេត្ដ​ព្រះ​សីហ​នុ ជា​អ្នក​ការពារ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​តុង​ហ្វា​មីង​ជូ ទទួល​បាន​ប្រាក់ខែ​៥០០​ដុល្លារ​ក្នុង​១​ខែ ។​

​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ពួក​គេ​ទាំង​៣​នាក់ បាន​ទៅ​ផឹកស៊ី​ជាមួយ​នារី​៥​ទៅ​៦​នាក់ នៅ​ខាងក្រោយ​អតីត​សាលា UME ។ ក្រោយ​ពី​ផឹកស៊ី​អស់​ស្រា​
​បៀរ​២​កេស ពួក​គេ​បាន​បើករថយន្ត​ដឹក​ឈ្មោះ​ម៉ៅ ធី មក​កន្លែងធ្វើការ​នៅ​មុខ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ។ ពេល​មក​ដល់ ឈ្មោះ ម៉ៅ ធី បាន​បើកទ្វារ​រថយន្ត​ចុះ ដោយ​ជជែក​គ្នា​ជាមួយនឹង​មិត្ដភក្ដិ​របស់​ខ្លួន​ឮ​ខ្លាំង​ៗ ហើយ​ត្រូវ​សមត្ថកិច្ច​ល្បាត​សង្ស័យ​ក៏​ចូល​ទៅ​សួរនាំ​រក​មូលហេតុ ទើប​បណ្ដាល​ឲ្យ​មានរឿង​ហេតុ​កើតឡើង​ដូច​បាន​រៀបរាប់​ខាងលើ ។​

​សូម​បញ្ជាក់​ថា ឈ្មោះ លីវ ភារ​ម្យ ក្រោយ​ពេល​បាញ់​រួច បាន​គេចខ្លួន​ដោយ​យក​កាំភ្លើងខ្លី​១​ដើម​ទៅ​ជាមួយ​ផង ។ រីឯ​ឈ្មោះ សៅ បូ​ណា និង ឈ្មោះ ម៉ៅ ធី ត្រូវ​បាន​ឃាត់ខ្លួន និង​ដកហូត​កាំភ្លើងខ្លី​២​ដើម គឺ​ម៉ា​កឡុក​អូ​ទ្រី​ស ១​ដើម និង​ម៉ា​កឡុក​-៩២ មួយ​ដើម ។ ជន​ទាំង​២​នាក់​រួម​នឹង​កាំភ្លើង ត្រូវ​បាន​នាំ​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ខេត្ត ដើម្បី​សាកសួរ​តាម​នីតិវិធី​និង​ចាត់ការ​តាម​ច្បាប់ ៕