ស្មងជើងនិងក្រចកជើងគោចំនួន១២០កេស ស្មើនឹង២៤០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញឃាត់និងដុតកម្ទេចចោល ដោយសារអ្នកនាំចូលគ្មានឯកសារនិងវេចខ្ចប់អត់បច្ចេកទេស ។
បើតាមប្រភពបានឲ្យដឹងថា ស្មងនិងក្រចកជើងគោខាងលើ ត្រូវបានក្រុមឈ្មួញដែលគេមិនបង្ហាញអត្តសញ្ញាណបាននាំចូលពីប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិបាវិត កាលពីព្រឹកថ្ងៃទី២៨ កញ្ញា ២០២០នេះ ។
ប្រភពបន្តថា ក្រោយពីពិនិត្យមន្ត្រីជំនាញពុំរកឃើញមានសារធាតុគីមី ( Formalin ) ទេ ប៉ុន្តែមន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំបានពិនិត្យឃើញថា ស្មងនិងក្រចកជើងគោចំនួន ១២០ កេស ស្មើនឹង ២៤០០ គីឡូក្រាម គ្មានឯកសារបញ្ជាក់ពីប្រភពដើមគ្មានលិខិតអនុញ្ញាតនាំចូលនិងការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេស ( ទូក្លាសេ ) ។
បន្ទាប់ពីមកមន្ត្រីធ្វើកំណត់ហេតុដកហូតក្រចកជើងគោទាំងនោះយកទៅធ្វើការដុតកម្ទេចចោលនៅនៅទីលានចាក់សំរាមខេត្តស្វាយរៀងដោយបានការសហការពីអាជ្ញាធរដែនដី និង សាខាគយខេត្តស្វាយរៀងផងដែរ៕