មន្ត្រីជំនាញខេត្តព្រះសីហនុកំពុងស្រាវជ្រាវអំពីអាយុកាលនិងប្រភពនៃក្រឡចាស់ៗចំនួន២៨១ ដែលត្រូវបានជនជាតិវៀតណាម្នាក់ថាខ្លួនរកឃើញនៅបាតសមុទ្រនិងយកមកលាក់ទុកក្នុងផ្ទះ ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងថា នៅពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមនិងកំពុងសាកសួរ តាមនីតិវិធីដែលជនជាតិវៀតណាមដែលគេមិនបង្ហាញអត្តសញ្ញាណនេះ បន្ទាប់ពីសមត្ថកិច្ចបានអះអាងថាជននេះបានលាក់ទុកក្រឡចាស់ៗជិត៣០០ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅផែរូយ៉ាល់ ក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
បើតាមលោក ឃាង ភារម្យ ក្រឡចាស់ៗនោះមិនទាន់ដឹងថាមានប្រភព និងអាយុកាលប៉ុន្មាននៅឡើយទេ ហើយថាពេលនេះក្រុមសមត្ថកិច្ច កំពុងសហការជាមួយនឹងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ដើម្បីកំណត់រកអត្តសញ្ញាណ អាយុកាល និងប្រភពនៃក្រឡចាស់ៗនោះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ដែរថា«សមត្ថកិច្ច ឬក៏មន្ត្រីជំនាញកំពុងធ្វើកោសល្យវិច័យលើវត្ថុនោះសិនថាវាជាវត្ថុបុរាណ ឬប្រភពក្រឡនោះមកពីណាៗ ។ លោកបន្តថា បើគេសាកសួរគាត់ទៅគាត់មានបទល្មើស ពិតជាសារភាពថារក្សាទុកវត្ថុបុរាណនោះ តុលាការក៏ត្រូវសម្រេចកាត់ទោសបន្តទៀតហើយ»៕