លោក ខាន់ សុវណ្ណ ដែលគេស្គាល់ថាជាអ្នកវិភាគនយោបាយ ច្បាប់និងសង្គម ត្រូវបានសមត្ថកិច្ចមូលដ្ឋានកោះហៅទៅសួរនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ការបាញ់បោះសេរី ។
ការហៅសួរនាំនិងធ្វើកិច្ចសន្យានេះ បានធ្វើឡើងក្រោយពេលដែលគេអះអាងថា លោក ខាន់ សុវណ្ណ បានដកកាំភ្លើងបាញ់៣គ្រាប់ (មិនដឹងថាបាញ់ឡើងលើឬយ៉ាងណានោះទេ) នៅក្នុងចំការរបស់លោក ស្ថិតនៅក្នុងឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ កញ្ញា ២០២០ ។
នៅចំពោះមុខនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចំការហ្លួង លោក ខាន់ សុវណ្ណ អាយុ៦៦ឆ្នាំ និងមានទីលំនៅ នៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញបានប្រាប់ថា លោកបាញ់នេះ គឺដើម្បីស្តារគ្រាប់កាំភ្លើង ឬ ស្តារកាណុង តែប៉ុណ្ណោះ ។
ក្រោយប្រាប់សមត្ថកិច្ចនោះរួចមក លោក ខាន់ សុវណ្ណ ក៍បានធ្វើ កិច្ចសន្យាជាមួយសមត្ថកិច្ច ដោយមានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទសូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា បើសិនជាសមត្ថកិច្ច ត្រូវការកោះហៅរូបខ្ញុំ នៅពេលណា រូបខ្ញុំបាទនឹងទៅជួបបំភ្លឺទៅតាមការហៅរបស់សមត្ថកិច្ចថ្នាក់លើ
ត្រូវការខ្ញុំ ។ ក្នុងករណីរូបខ្ញុំគេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺ តាមការកំណត់របស់សមត្ថកិច្ចទេនោះ រូបខ្ញុំព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់វិធានការតាមច្បាប់» ។
នៅល្ងាចថ្ងៃទី០១ តុលា ២០២០នេះ លោក ខាន់ សុវណ្ណ ក៍ដូចជាប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំការហ្លួង «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយតបបានទេ ជុំវិញព័ត៌មានដែលបានបែកធ្លាយតាមប្រព័ន្ឋផ្សព្វផ្សាយ និងបណ្តាញសង្គមខាងលើនេះ ៕