ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានថ្លែងថា« រាជរដ្ឋាភិបាលមានសុឆន្ទៈដ៍មុតស្រួចក្នុងការការពារបូរណភាពទឹកដីកម្ពុជា ឲ្យបានស្ថិតស្ថេរ គង់វង្ស មិនឲ្យបាត់បង់សូម្បីតែ១មិល្លីម៉ែត្រ ដូចដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសជាញយៗនោះ» ។
ថ្លែងនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងវេទិកាផ្សព្វផ្សាយពីការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម កាលពីថ្ងៃទី២៩ កញ្ញា ២០២០ លោក វ៉ា គឹមហុង បានបង្ហាញការប្តេជ្ញាចិត្តដ៏មោះមុតរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានព្រំដែនរវាងកម្ពុជា-វៀតណាម ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ និង បូរណភាពដែនដីរវាងគ្នានិងគ្នា។
បើតាមលោក វ៉ា គឹមហុង បញ្ហាព្រំដែននេះ មានមនុស្សមួយចំនួន តែងព្យាយាមបំភ្លៃការពិតពីរឿងព្រំដែន ហើយញុះញង់ឲ្យប្រជាពលរដ្ឋ ស្រែកតវ៉ានិងចោទលើរដ្ឋាភិបាល ថាធ្វើឲ្យបាត់ដីស្រែទៅវៀតណាម ដូចជាករណីនៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជាដើម។ លោកប្រធានគណៈកម្មាធិការកិច្ចការព្រំដែន ក៍បានអំពាវនាវឲ្យអ្នកចូលរួមក្នុងវេទិកានោះ ជួយផ្សព្វផ្សាយនិងពន្យល់ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យយល់ដឹងច្បាស់អំពីព្រំដែន និងចូលរួមទប់ស្កាត់ព័ត៌មានញុះញង់អំពីព្រំដែនផងដែរ។
សូមបញ្ជាក់ថា ព្រំដែនរវាងកម្ពុជានិងវៀតណាម មានប្រវែងប្រមាណជា១២៧០ គីឡូម៉ែត្រ។ បច្ចុប្បន្ន ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ សម្រេចបាន៨៤ភាគរយហើយ ហើយផែនទីថ្មីខ្នាត ១/២៥ ០០០ ដែលរាជរដ្ឋាភិបាលគ្រោងនឹងនាំយកទៅតម្កល់នៅអង្គការសហប្រជាជាតិនោះគឺបង្ហាញពីការកំណត់ខណ្ឌសីមានិងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ៕