ក្រៅពីអ្នកវិភាគនយោបាយ លោក ខាន់ សុវណ្ណ ក៍ជាអ្នកឯកទេសខាងកាំភ្លើងដែរ

លោក ខាន់ សុវណ្ណ ដែល​គេ​ស្គាល់​ថា​ជា​អ្នកវិភាគ​នយោបាយ ច្បាប់​និង​សង្គម ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​កោះហៅ​ទៅ​សួរនាំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បាញ់បោះ​សេរី ។​

​ការ​ហៅ​សួរនាំ​និង​ធ្វើ​កិច្ចសន្យា​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​គេ​អះអាង​ថា លោក ខាន់ សុវណ្ណ បាន​ដក​កាំភ្លើង​បាញ់​៣​គ្រាប់ (​មិនដឹង​ថា​បាញ់​ឡើង​លើ​ឬ​យ៉ាងណា​នោះ​ទេ​) នៅ​ក្នុង​ចំការ​របស់​លោក ស្ថិត​នៅ​ក្នុង​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ២០២០ ។​

​នៅ​ចំពោះ​មុខ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំការ​ហ្លួង លោក ខាន់ សុវណ្ណ អាយុ៦៦ឆ្នាំ និងមានទីលំនៅ នៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញបាន​ប្រាប់​ថា លោក​បាញ់​នេះ គឺ​ដើម្បី​ស្តារ​គ្រាប់កាំភ្លើង ឬ ស្តារ​កាណុង តែ​ប៉ុណ្ណោះ ។​

​ក្រោយ​ប្រាប់​សមត្ថកិច្ច​នោះ​រួច​មក លោក ខាន់ សុវណ្ណ ក៍បាន​ធ្វើ កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច ដោយ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​ខ្ញុំបាទ​សូម​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ថា បើសិនជា​សមត្ថកិច្ច ត្រូវការ​កោះហៅ​រូប​ខ្ញុំ នៅ​ពេល​ណា រូប​ខ្ញុំបាទ​នឹង​ទៅ​ជួប​បំភ្លឺ​ទៅ​តាម​ការ​ហៅ​របស់​សមត្ថកិច្ច​ថ្នាក់លើ

​ត្រូវការ​ខ្ញុំ ។ ក្នុង​ករណី​រូប​ខ្ញុំ​គេចវេស​មិន​ព្រម​ចូលខ្លួន​ទៅ​បំភ្លឺ តាម​ការ​កំណត់​របស់​សមត្ថកិច្ច​ទេ​នោះ រូប​ខ្ញុំ​ព្រម​ប្រគល់​ខ្លួន​ជូន​សមត្ថកិច្ច​ចាត់វិធានការ​តាម​ច្បាប់​» ។​

​នៅ​ល្ងាច​ថ្ងៃ​ទី​០១ តុលា ២០២០​នេះ លោក ខាន់ សុវណ្ណ ក៍​ដូច​ជា​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ចំការ​ហ្លួង «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តប​បាន​ទេ ជុំវិញ​ព័ត៌មាន​ដែល​បាន​បែកធ្លាយ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​ខាងលើ​នេះ ៕