ប្រភពពីមជ្ឈដ្ឋានមួយចំនួនបានប្រាប់«អង្រុត»ថា ថៅកែក្រុមហ៊ុនខ្សាច់ដ៍ធំនៅចាក់អង្រែលើ ខណ្ឌមានជ័យដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនខ្សាច់រៀងរាល់នាទីមិនថាយប់និងថ្ងៃនោះ គឺជាមនុស្សដែលមានអំណាចនិងឥទ្ឋិពលបំផុត គ្មាននរណាថ្លើមធំហ៊ានប៉ះនោះឡើយ ។
សូមបញ្ជាក់ថា កន្លងមកក្រុមហ៊ុនខ្សាច់ខាងលើ ត្រូវបានប្រជាពលរដ្ឋអ្នកធ្វើដំណើរនិងពលរដ្ឋដែលរស់នៅអមសងខាងកំណាត់ផ្លូវជាតិលេខ២ ពីចំណុចចាក់អង្រែលើដល់ចំណុចមុខវត្តចាក់អង្រែក្រោម កែងផ្លូវបត់ចូលទៅកាន់ផ្លូវ៦០ម៉ែត្រ រិះគន់និងស្នើឲ្យអាជ្ញាធរពាក់ព័ន្ឋទាំងអស់ដោះស្រាយ ខណៈរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនដែលគេមិនស្គាល់ឈ្មោះនេះ បាននិងកំពុងបំផ្លាញកំណាត់ផ្លូវជាតិលេខ២ និងប៉ះពាល់ដល់បរិស្ថាន ក៍ដូចជាការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។
ក្រៅពីនោះប្រជាពលរដ្ឋអ្នកដំណើរ និងអ្នករស់នៅអមសងខាងកំណាត់ផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ក៍បានសម្ដែងនូវក្ដីព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ ខណៈខ្សាច់ដែលបន្សល់ពីការធ្លាក់កំពប់តាមដងផ្លូវ បង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកជិះម៉ូតូរអិលដួលបោកនឹងថ្នល់ បណ្ដាលឲ្យរងរបួសជាញឹកញាប់ និងរថយន្តដឹកខ្សាច់ធុនយក្សបានដឹកជញ្ជូនដីខ្សាច់ចេញពីដេប៉ូខ្សាច់ នៅមាត់ទន្លេបាសាក់ ផ្លូវជាតិលេខ២ ចំនួន២កន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ដែលដឹកចេញចូលបើកឆ្លងកាត់តាមផ្លូវជាតិលេខ២ មិនបានគ្របតង់ឲ្យបានត្រឹមត្រូវទេ ធ្វើឲ្យហូរទឹកកក្លាក់ កំពប់ដី និងខ្សាច់ធ្លាក់ពេញផ្លូវ ប៉ះពាល់ដល់សុខភាពជារៀងរាល់យប់ថ្ងៃ ។
អ្នកតាមដានសង្គមមួយចំនួនបានលើកឡើងថា មិនយូរនោះទេ កំណាត់ផ្លូវជាតិលេខ២ចាប់ពីចំណុចទីតាំងការដ្ឋានខ្សាច់នៅចាក់អង្រែលើ រហូតដល់ចំណុចភ្លើងស្តុបមុខវត្តចាក់អង្រែក្រោម (ផ្លូវបត់ចូលទៅផ្លូវ៦០ម៉ែត្រ) នឹងរងការខូចខាត ហើយបើខូចមិនថាធ្ងន់ធ្ងរឬយ៉ាងណានោះទេ កំណាត់ផ្លូវខាងលើនឹងត្រូវអាជ្ញាធរ ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនឹងធ្វើការជួសជុល ឬ ក៍ស្ថាបនាឡើងវិញ ហើយបើធ្វើការជួសជុល ឬស្ថាបនាជៀសមិនផុតទេពីដីហុយ ការកកស្ទះចរាចរណ៍និងខាតពេលវេលាសម្រាប់ពលរដ្ឋ ខណៈពេលនេះផលប្រយោជន៍គឺបានទៅថៅកែខ្សាច់តែម្នាក់ប៉ុណ្ណោះ ៕