ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានក្រុមគ្រួសារនិងមន្ត្រីជំនាញអាមេរិកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យយោធាដ៍ទំនើបបំផុតមួយនៅ Bethesda ទីក្រុងម៉ារីលែន( Maryland) ក្រោយពីលោកគ្រុនក្តៅនិងអស់ កម្លាំងបន្ទាប់ពីឆ្លងមេរោគកូវីដ១៩ ។
នៅជុំវិញបញ្ហានេះ សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតីបានធ្វើដំណើរទៅដល់ មន្ទីរវេជ្ជសាស្ត្រ យោធាជាតិ Walter Reed ហើយ ដោយលោកនឹងនៅតែបន្តបំពេញភារកិច្ចជាធម្មតា ចេញពីមន្ទីរពេទ្យ នោះតែម្តង។
រហូតមកទល់ពេលនេះ លោក ត្រាំ ត្រូវបានគេរាយការណ៍ថា នៅតែមានអារម្មណ៍អស់កម្លាំង ប៉ុន្តែស្ថិត ក្នុងស្មារតីល្អនៅឡើយ ហើយជំទាវទីមួយវិញ មានអការៈក្អកស្រាលៗ និងឈឺក្បាល ចំណែកឯកូនប្រុស ពៅអ្នកទាំងពីរឈ្មោះ បារ៉ុន (Barron) ដែលរស់នៅក្នុងសេតវិមានដែរនោះ បានធ្វើតេស្តអវិជ្ជមានចំពោះ COVID-19។
នៅលើសារព័ត៌មានអេឡិចត្រូនិក Twitter លោកប្រធានាធិបតី ត្រាំ បានសរសេរយ៉ាងដូច្នេះថា «យប់នេះខ្ញុំ និងភរិយាបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ ពួកយើងនឹងចាប់ផ្តើមដំណើរការធ្វើចត្តាឡីស័ក និងការព្យាបាលឲ្យជាសះស្បើយឡើងវិញ យ៉ាងឆាប់រហ័ស។ យើងនឹងប្រឈមមុខបញ្ហានេះទាំងអស់គ្នា»។
សាររបស់លោក ដូណាល់ ត្រាំ នេះត្រូវបានបង្ហោះនៅមុនម៉ោង ១៖០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០ ៕