បើដឹងថា ថៅកែខ្សាច់នៅចាក់អង្រែមានឥទ្ឋិពលមហាមេឃ ទុកមាត់ហូបមាន់វិញ !

ប្រភព​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ប្រាប់​«​អង្រុត​»​ថា ថៅកែ​ក្រុមហ៊ុន​ខ្សាច់​ដ៍​ធំ​នៅ​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ខ្សាច់​រៀង​រាល់​នាទី​មិន​ថា​យប់​និង​ថ្ងៃ​នោះ គឺជា​មនុស្ស​ដែល​មាន​អំណាច​និង​ឥ​ទ្ឋិ​ពល​បំផុត គ្មាន​នរណា​ថ្លើមធំ​ហ៊ាន​ប៉ះ​នោះ​ឡើយ ។​

​សូម​បញ្ជាក់​ថា កន្លង​មក​ក្រុមហ៊ុន​ខ្សាច់​ខាងលើ ត្រូវ​បាន​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​និង​ពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​កំណាត់​ផ្លូវជាតិ​លេខ​២ ពី​ចំណុច​ចាក់​អង្រែ​លើ​ដល់​ចំណុច​មុខ​វត្ត​ចាក់​អង្រែ​ក្រោម កែង​ផ្លូវបត់​ចូល​ទៅ​កាន់​ផ្លូវ​៦០​ម៉ែត្រ រិះគន់​និង​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ទាំងអស់​ដោះស្រាយ ខណៈ​រថយន្ត​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ដែល​គេ​មិន​ស្គាល់ឈ្មោះ​នេះ បាន​និង​កំពុង​បំផ្លាញ​កំណាត់​ផ្លូវជាតិ​លេខ​២ និង​ប៉ះពាល់​ដល់​បរិស្ថាន ក៍​ដូច​ជា​ការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ​។​

​ក្រៅពី​នោះ​ប្រជាពលរដ្ឋ​អ្នកដំណើរ និង​អ្នក​រស់នៅ​អម​សងខាង​កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ និង​សង្កាត់​ចាក់​អង្រែ​ក្រោម ក៍បាន​សម្ដែង​នូវ​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង​ដែរ ខណៈ​ខ្សាច់​ដែល​បន្សល់​ពី​ការ​ធ្លាក់​កំពប់​តាម​ដងផ្លូវ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ជិះ​ម៉ូតូ​រអិល​ដួល​បោក​នឹង​ថ្នល់ បណ្ដាល​ឲ្យ​រង​របួស​ជា​ញឹកញាប់ និង​រថយន្ត​ដឹក​ខ្សាច់​ធុន​យក្ស​បាន​ដឹក​ជញ្ជូន​ដីខ្សាច់​ចេញពី​ដេប៉ូ​ខ្សាច់ នៅ​មាត់​ទន្លេបាសាក់ ផ្លូវជាតិ​លេខ​២ ចំនួន​២​កន្លែង ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ដែល​ដឹក​ចេញចូល​បើក​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​២ មិន​បាន​គ្រប​តង់​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ធ្វើ​ឲ្យ​ហូរ​ទឹក​កក្លាក់ កំពប់​ដី និង​ខ្សាច់​ធ្លាក់​ពេញ​ផ្លូវ ប៉ះពាល់​ដល់​សុខភាព​ជា​រៀង​រាល់​យប់​ថ្ងៃ ។​

​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​ថា មិនយូរ​នោះ​ទេ កំណាត់​ផ្លូវជាតិ​លេខ​២​ចាប់ពី​ចំណុច​ទីតាំង​ការដ្ឋាន​ខ្សាច់​នៅ​ចាក់​អង្រែ​លើ រហូត​ដល់​ចំណុច​ភ្លើងស្តុប​មុខ​វត្ត​ចាក់​អង្រែ​ក្រោម (​ផ្លូវបត់​ចូល​ទៅ​ផ្លូវ​៦០​ម៉ែត្រ​) នឹង​រង​ការ​ខូចខាត ហើយ​បើ​ខូច​មិន​ថា​ធ្ងន់ធ្ងរ​ឬ​យ៉ាងណា​នោះ​ទេ កំណាត់​ផ្លូវ​ខាងលើ​នឹង​ត្រូវ​អាជ្ញាធរ ពិសេស​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ជួសជុល ឬ ក៍​ស្ថាបនា​ឡើង​វិញ ហើយ​បើ​ធ្វើការ​ជួសជុល ឬ​ស្ថាបនា​ជៀស​មិន​ផុត​ទេពី​ដី​ហុយ ការ​កកស្ទះ​ចរាចរណ៍​និង​ខាត​ពេលវេលា​សម្រាប់​ពលរដ្ឋ ខណៈ​ពេល​នេះ​ផលប្រយោជន៍​គឺ​បាន​ទៅ​ថៅកែ​ខ្សាច់​តែ​ម្នាក់​ប៉ុណ្ណោះ ៕