លោក គួច ចំរើន រងការចោទពី The Cambodia Daily ថាសង់វីឡាតម្លៃជាង១០លានដុល្លារ

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក គួ​ច ចំរើន បាន​សង់​វីឡា​ដ៏​ប្រណីត​ធំ​ស្កឹមស្កៃ​មាន​តម្លៃ​យ៉ាង​ហោច​ណាស់​ជាង​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។​

​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ The Cambodia Daily កាលពី​ថ្ងៃ​ទី​០១ តុលា​ម្សិលមិញ​(https://www.cambodiadaily.com/2020/10/01/16/04/50015/) ។​

​បើ​តាម The Cambodia Daily ដដែល វីឡា​ដែល The Cambodia Daily អះអាង​ថា​ជា​របស់​លោក គួ​ច ចំរើន ​នោះ គឺ មា​នទី​តាំងនៅ​តំបន់​អូរ​ត្រេះ ស្ថិត​ក្នុង​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។​

​យ៉ាងណា​នៅ​ម៉ោង​៦​និង​៥៣​នាទី​យប់​ថ្ងៃ​ទី​០២ តុលា ២០២០​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តប​ភ្លាមៗបាន​ទេពី​លោក គួ​ច ចំរើន ជុំវិញ​ការ​ចោទប្រកាន់​របស់ The Cambodia Daily ខាងលើ​នេះ ។​

​សូម​បញ្ជាក់​ថា លោក គួ​ច ចំរើន ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​និងចូលកាន់តំណែងជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ២០២០ ។​

​លោក គួ​ច ចំរើន ត្រូវ​បាន​គេ​ដឹង​ថា​ធ្លាប់​បម្រើ​ការងារ​នៅ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​១៩៩៨​ដល់​ថ្ងៃ​ទី​១៣​ខែកក្កដា​ឆ្នាំ​១៩៩៩ លោក​គួ​ច ចំរើន​ជា​បុគ្គលិក​ចាត់តាំង​សាលា​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ពី​ថ្ងៃ​ទី​១៣​ខែកក្កដា​ឆ្នាំ​១៩៩៩​ដល់​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០០៤ ជា​អភិបាលរង​ខណ្ឌចំការមន​។​ពី​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០០៤​ដល់​ថ្ងៃ​ទី​១៦​ខែឧសភា​ឆ្នាំ​២០១៤ ជា​អភិបាល​ខណ្ឌ​មាន​ជ​យ័ ។ ពី​ថ្ងៃ​ទី​១៦​ខែឧសភា​ឆ្នាំ​២០១៤​ដល់​ថ្ងៃ​ទី​៦​ខែធ្នូ​ឆ្នាំ​២០១៦ ជា​អភិបាល​ខណ្ឌដូនពេញ​។​ពី​ថ្ងៃ​ទី​០១​ខែធ្នូ​ឆ្នាំ ២០១៦​ដល់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ជា​អគ្គនាយករង​រដ្ឋបាល​ក្រសួងមហាផ្ទៃ និង​មុន​រាជរដ្ឋាភិបាល​ផ្លាស់​ឲ្យ​មក​កាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក​ក៍​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ផង​ដែរ ៕