ដាក់​នៅ​ដោយឡែក​គ្រប់​១៤​ថ្ងៃ​ហើយ ពលករ​ខ្មែរ ៨២​នាក់ អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​រៀងខ្លួនវិញ

ខេត្តសៀមរាប ៖ បើ​យោង​តាម​រដ្ឋបាលខេត្តសៀមរាប បានអោយដឹងថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៨២​នាក់ ភាគច្រើន​ជា​ពលករ​ទើប​មកពី​ប្រទេស​ថៃ ​ត្រឡប់​ចូល​មក​កម្ពុជា​វិញ ហើយបាន​ដាក់​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ នៅ​វិទ្យាល័យ​ក្រឡាញ់ ខេត្តសៀមរាប​នោះ ត្រូវ​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រកបដោយ​ជោគជ័យ ព្រមទាំង​កម្ដៅ​ក្នុង​ខ្លួន​របស់​បងប្អូន​គឺ​ល្អ​ធម្មតា អាជ្ញាធរ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ភូមិដ្ឋាន ជួបជុំ​ក្រុម​គ្រួសារ​របស់​ខ្លួន​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០​នេះ ។

ប្រភពពី​លោកស្រី ម៉​ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​ស្រុក មាន​ប្រសាសន៍​ថា ក្នុង​នាម​អាជ្ញាធរ​ស្រុក បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​បងប្អូន ដែល​មានការ​អត់ធ្មត់ តស៊ូ ក្នុង​ការ​អនុវត្ត ទៅ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​តែងតែបាន​គិតគូរ​ជា​និច្ច ដល់​សុខភាព​របស់​បងប្អូន​ផ្ទាល់ ក្នុង​ការ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ កន្លង​មកនេះ និង​ធ្វើការ​ពិនិត្យ​ជា​ប្រចាំ ទៅ​លើ​សុខភាព​បងប្អូន​ល្អ​ប្រសើរ​ធម្មតា នឹង​អនុញ្ញាត ឲ្យ​វិល​ទៅ​ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ​វិញ នៅ​តាម​ភូមិដ្ឋាន​រៀង​ៗ​ខ្លួន ។

ម្យ៉ាងទៀត ការ​ដាក់​ឲ្យ​បងប្អូន​ដាច់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃនេះ លោកស្រី ម៉​ន​នី រង្សី បញ្ជាក់​ថា មិនមែន​ជា​ការ​រើសអើង​ចំពោះ​បងប្អូន​ឡើយ នេះ​គឺជា​វិធានការ​ដ៏​ល្អ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​កម្ពុជា ក្នុង​ការ​បង្ការ ទប់ស្កាត់ ការពារ​កុំ​ឲ្យ​មានការ​រីក​រាតត្បាត នៅ​ក្នុង​សហគមន៍​យើង បើសិន​នៅ​ក្នុង​ចំណោម​បងប្អូន ដែល​មាន​អ្នក​ណា​ម្នាក់ បាន​ឆ្លង​ជម្ងឺ​កូ​វី​ដ​-១៩ ពី​ក្រៅប្រទេស​នោះ នឹង​ធ្វើ​ឲ្យ​ក្នុង​សហគមន៍​មូលដ្ឋាន​យើង ទទួល​រង​គ្រោះ​ជាក់​ជា​មិន​ខាន ។

លោកស្រី​អភិបាលស្រុក ក៏​បាន​ធ្វើការ​រម្លឹក​ដល់​បងប្អូន ត្រូវ​តែ​បន្ត​ការ​តាមដាន​នូវ​សុខភាព​របស់​ខ្លួន​ឲ្យ​បានជា​ប្រចាំ បើសិន​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ធ្វើការ​ទំនាក់ទំនង ផ្តល់​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​ធ្វើការ​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ ១១៥ ផង​ដែរ ៕