“​បញ្ជា​ឲ្យ​បាញ់​ពន្លិច​ទូក​តូច​ៗ” អ៊ី​រ៉​ង់​វាយបកវិញ​ថា ជា​ការ​សម្លុត និង​បង្កើត​រឿង​ហូ​លី​វូ​តរបស់​លោក​ត្រាំ

អ៊ី​រ៉​ង់​បាន​ចំអក​ឲ្យ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ ថា​ជា​ការ “​សម្លុត​” និង​ថា លោក​ត្រាំ​កំពុង “​បង្កើត​រឿង​ហូ​លី​វូ​ត​” បន្ទាប់​ពី​លោក ត្រាំ បាន​គំរាម​ប្រើ​កងទ័ពជើងទឹក បាញ់​ពន្លិច ទូក​តូច​ៗ​របស់​អ៊ី​រ៉​ង់ ដែល​មាន​កាំភ្លើងយន្ត កំពុង​ធ្វើ​សមយុទ្ធ​ការពារ ដែល​សមុទ្រ នេះបើតាម dailymail ចុះផ្សាយថ្ងៃទី២៣ មេសានេះ។

ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ​ថា លោក​បាន​ណែនាំ​កងទ័ពជើងទឹក​អា​មេ​រិ​ក​ឱ្យ​បាញ់​កម្ទេច​ទៅ​លើ​នាវា​អ៊ី​រ៉​ង់​ណា ដែល​រំខាន​នៅ​លើ​សមុទ្រ បន្ទាប់​ពី​នាវា​ចំនួន ១១​គ្រឿង​មក​ពី​កង​ឆ្មាំ​បដិវត្ត​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់ (IRGCN) បាន​មក​ជិត​ៗ នាវា​អា​មេ​រិ​ក នៅ​ឈូង​សមុទ្រ​ពែ​រ្ស ។

លោក ត្រាំ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម ធ្វី​ត​ធើ ថា “​ខ្ញុំ​បាន​ណែនាំ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ឱ្យ​បាញ់​ពន្លិច និង​កម្ទេច​ទូក​អ៊ី​រ៉​ង់​ណាមួយ ប្រសិនបើ​ពួក​គេ​រំខាន​ដល់​នាវា​របស់​យើង នៅ​លើ​សមុទ្រ​” ។

ទោះ​យ៉ាងណា បេសកជន​អ៊ី​រ៉​ង់ ប្រចាំ​អង្គការសហប្រជាជាតិ លោក Alireza Miryousefi បាន​សាកសួរ​អំពី​អាទិភាព​របស់​មន្ទីរ​បញ្ច​កោណ និង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា “​នៅ​ចំ​ពេល​មាន​ជំងឺ​រាតត្បាត​ជាស​កល ដែល​មានការ​ចាប់អារម្មណ៍​ទូ​ទាំង​ពិភពលោក គឺ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស កូ​វី​ដ​១៩​នេះ សំណួរ​សួរ​ថា តើ​យោធា​អា​មេ​រិ​ក​កំពុង​ធ្វើ​អ្វី នៅ​ដែនទឹក ឈូង​សមុទ្រ​ពែ​រ្ស ចម្ងាយ ៧,០០០ ម៉ា​យ ពី​ប្រទេស​អ៊ី​រ៉​ង់ ?

លោក Alireza Miryousefi បន្ថែម​ថា «​អ៊ី​រ៉​ង់​បង្ហាញ​ថា ខ្លួន​នឹង​មិន​ចុះចាញ់ ការ​បំភិតបំភ័យ និង​ការ​គំរាមកំហែង​នោះ​ទេ​! ហើយ​ក៏​មិន​ស្ទាក់ស្ទើរ ក្នុង​ការ​ការពារ​ទឹកដី​របស់​ខ្លួន ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ ពី​ការ​ឈ្លានពាន​ណាមួយ​ផង​ដែរ ។

ខណៈ​ពេល​ដែល​ឧត្តមសេនីយត្រី អ៊ី​រ៉​ង់ មួយ​រូប ក៏​បាន​និយាយ​ដែរ​ថា «​ជំនួស​ឱ្យ​ការ​សម្លុត​អ្នក​ដទៃ នៅ​ថ្ងៃនេះ ជនជាតិ​អា​មេ​រិ​ក ត្រូវ​តែ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​សង្គ្រោះ​អ្នកជំងឺ​កូ​វី​ដ​១៩ ក្នុង​ប្រទេស​ខ្លួន​» ។

លោក ត្រាំ មិន​បាន​លើក​ឡើង​ឬ​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​នៅ​ក្នុង​ធ្វី​ត​ធើ របស់​គាត់​ទេ ។ សេត​វិមាន​មិន​មានការ​អត្ថាធិប្បាយ​ភ្លាម​ៗ​ទេ ។ កង​នាវាចរ ទី​៥ របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក នៅ​បា​រ៉ែ​ន បាន​បង្វែរ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ឲ្យ​ទៅ​សួរ មន្ទីរ​បញ្ច​កោណ ហើយ​មន្ទីរ​បញ្ច​កោណ បាន​បង្វែរ​សំណួរ ឲ្យ​ទៅ​សួរ សេត​វិមាន ។

ប៉ុន្មាន​ម៉ោង​មុន​នេះ ចំ​ពេល​មាន​ភាព​តានតឹង​ឡើង​វិញ ដោយ​ឆ្មាំ​បដិវត្ត​អ៊ី​រ៉​ង់ បាន​ប្រកាស​ពី​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​យោធា​ដំបូង​បង្អស់​របស់​ប្រទេស​នេះ ដោយ​ជោគជ័យ ដែល​សហរដ្ឋអាមេរិក​ចាត់​ទុក​ថា​ជា​កម្មវិធី​សម្រាប់​ការ​អភិវឌ្ឍ​មី​ស៊ី​ល​ផ្លោង ៕