បាងកក ៖ គណៈរដ្ឋមន្ត្រី បានអនុម័តជាផ្លូវការ គឺសម្រេចបញ្ចុះតម្លៃ និងមិនយកថ្លៃអគ្គិសនី ចំពោះប្រជាជនប្រមាណ ២២លានគ្រួសារ ដែលស្ថិតនៅតែក្នុងផ្ទះ និងកំពុងធ្វើការពីផ្ទះ អំឡុងវិបត្តិជំងឺកូវីដ១៩ កំពុងរាតត្បាតនេះ បើតាមការចុះផ្សាយរបស់ការសែតថៃ បាងកកប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី២១ មេសានេះ ។
រដ្ឋមន្ត្រីក្រសួងថាមពល លោក Sontirat Sontijirawong បាននិយាយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារថា លោកទទួលបានជាជំហានដំបូងពីគណៈកម្មការបទប្បញ្ញត្តិថាមពលអគ្គិសនីថៃ អាជ្ញាធរអគ្គិសនីក្រុង និងអាជ្ញាធរអគ្គិសនីខេត្ត ដែលគ្របដណ្តប់លើប្រជាជន ២២លានគ្រួសារ ។
លោក Sontirat បានមានប្រសាសន៍ថា ការបញ្ចុះនិងមិនយកថ្លៃអគ្គិសនីនេះ នឹងមានសុពលភាពរយៈពេល ៣ខែ គិតចាប់ពីខែមីនា ដល់ខែឧសភា ។ លោកបន្តថា វិធានការណ៍នេះ វានឹងធ្វើឱ្យរដ្ឋខាតបង់ប្រាក់ចំណូលចំនួន ២៣,៦៨ ពាន់លានបាត (ប្រាក់ថៃ) ប៉ុន្តែជួយកាត់បន្ថយលើការចំណាយថ្លៃអគ្គិសនីដល់ប្រជាជនថៃ ដែលកំពុងស្នាក់នៅក្នុងផ្ទះ និងកំពុងធ្វើការពីផ្ទះ ដើម្បីគាំទ្រដល់ការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃ ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ។
ចំណែកឯ ទីកន្លែងអាជីវកម្ម ក៏ចង់បានបញ្ចុះតម្លៃអគ្គិសនីស្រដៀងគ្នានេះដែរ ប៉ុន្តែលោកបាននិយាយថា សំណើរបស់ពួកគេ កំពុងត្រូវបានពិចារណា ។
អគ្គិសនីឥតគិតថ្លៃ សម្រាប់តែគ្រួសារណាដែលតភ្ជាប់បណ្ដាញអគ្គិសនី ក្រោម ៥អំពែ តែប៉ុណ្ណោះ ។ ត្រូវបានគេរំពឹងថា មានរហូតដល់ទៅ ១០លានគ្រួសារ នឹងទទួលបានអត្ថប្រយោជន៍ពីការមិនយកថ្លៃអគ្គិសនីនេះ ។
សម្រាប់គ្រួសារ ដែលតភ្ជាប់ថាមពលអគ្គីសនី លើសពី ៥អំពែ ហើយការប្រើប្រាស់របស់ពួកគេ មិនលើសពី ៨០០គីឡូវ៉ាត់ម៉ោងទេ នោះពួកគេនឹងចំណាយដូចថ្លៃដើម ដែលពួកគេបានបង់នៅក្នុងវិក័យប័ត្រអគ្គីសនី ខែកុម្ភៈ ។ ប៉ុន្តែបើ ពួកគេប្រើលើសពី ៨០០គីឡូវ៉ាត់ម៉ោង នឹងទទួលបានការបញ្ចុះតម្លៃ ៥០% ។ ដោយឡែក ផ្ទះធំៗ ដែលប្រើប្រាស់ច្រើនជាង ៣,០០០គីឡូវ៉ាត់ម៉ោង ឡើងទៅនឹងទទួលបានការបញ្ចុះតំលៃ ៣០% ៕