ខេត្តសៀមរាប ៖ បើយោងតាមរដ្ឋបាលខេត្តសៀមរាប បានអោយដឹងថា បងប្អូនប្រជាពលរដ្ឋខ្មែរចំនួន៨២នាក់ ភាគច្រើនជាពលករទើបមកពីប្រទេសថៃ ត្រឡប់ចូលមកកម្ពុជាវិញ ហើយបានដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅវិទ្យាល័យក្រឡាញ់ ខេត្តសៀមរាបនោះ ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក ប្រកបដោយជោគជ័យ ព្រមទាំងកម្ដៅក្នុងខ្លួនរបស់បងប្អូនគឺល្អធម្មតា អាជ្ញាធរអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ភូមិដ្ឋាន ជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញហើយ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ។
ប្រភពពីលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ និងជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ស្រុក មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរស្រុក បានធ្វើការថ្លែងអំណរគុណដល់បងប្អូន ដែលមានការអត់ធ្មត់ តស៊ូ ក្នុងការអនុវត្ត ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដែលតែងតែបានគិតគូរជានិច្ច ដល់សុខភាពរបស់បងប្អូនផ្ទាល់ ក្នុងការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ កន្លងមកនេះ និងធ្វើការពិនិត្យជាប្រចាំ ទៅលើសុខភាពបងប្អូនល្អប្រសើរធម្មតា នឹងអនុញ្ញាត ឲ្យវិលទៅជួបជុំបងប្អូនក្រុមគ្រួសារវិញ នៅតាមភូមិដ្ឋានរៀងៗខ្លួន ។
ម្យ៉ាងទៀត ការដាក់ឲ្យបងប្អូនដាច់នៅដោយឡែករយៈពេល១៤ថ្ងៃនេះ លោកស្រី ម៉ននី រង្សី បញ្ជាក់ថា មិនមែនជាការរើសអើងចំពោះបងប្អូនឡើយ នេះគឺជាវិធានការដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ ការពារកុំឲ្យមានការរីករាតត្បាត នៅក្នុងសហគមន៍យើង បើសិននៅក្នុងចំណោមបងប្អូន ដែលមានអ្នកណាម្នាក់ បានឆ្លងជម្ងឺកូវីដ-១៩ ពីក្រៅប្រទេសនោះ នឹងធ្វើឲ្យក្នុងសហគមន៍មូលដ្ឋានយើង ទទួលរងគ្រោះជាក់ជាមិនខាន ។
លោកស្រីអភិបាលស្រុក ក៏បានធ្វើការរម្លឹកដល់បងប្អូន ត្រូវតែបន្តការតាមដាននូវសុខភាពរបស់ខ្លួនឲ្យបានជាប្រចាំ បើសិនមានបញ្ហាសុខភាព ត្រូវប្រញាប់ធ្វើការទំនាក់ទំនង ផ្តល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន ឬធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ១១៥ ផងដែរ ៕