ទីបំផុតទៅកិច្ចសន្យារវាងក្រុមកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី និងរដ្ឋបាលសាលារាជធានីភ្នំពេញ ត្រូវរលាយសូន្យត្រឹមរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមកម្មករមិនគោរពនិងមិនចេញប្រមូលសំរាមតាមការសន្យារបស់ខ្លួន(កម្មករ)កាលពីរសៀលថ្ងៃទី០៧ តុលាម្សិលមិញ ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី០៨ តុលានេះ ។
តាមរយៈសេចក្តីជូនដំណឹងស្តីពីការធ្វើកូដកម្មរបស់កម្មករក្រុមហ៊ុនស៊ីនទ្រីរបស់រដ្ឋបាលសាលារាជធានី សាលារាជធានីភ្នំពេញបានសម្តែងការសោកស្តាយចំពោះទង្វើរបស់កម្មករនិយោជិតក្រុមហ៊ុនស៊ីនទ្រីមួយចំនួនដែល មិនគោរពតាមការព្រមព្រៀងកាលពីថ្ងៃទី០៧ តុលា រវាងសហជីព និងតំណាងកម្មករ ។
បើតាមសេចក្តីជូនដំណឹងដដែលសហជីពនិងតំណាងកម្មករនិយោជិតក្រុមហ៊ុនស៊ីនទ្រីបានព្រមព្រៀងគ្នាដូចតទៅ៖
១-ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ
២-ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ីនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ ។
៣-សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។
យ៉ាងណា នៅក្នុងសេចក្តីជូនដំណឹងដដែល រដ្ឋបាលសាលារាជធានីភ្នំពេញអះអាងថាខ្លួននឹងចាត់វិធានការដោយប្រើកម្លាំងសរុបនិងមធ្យោបាយដែលខ្លួនមាន ដើម្បីប្រមូលសំរាមដែលកំពុងកកស្ទះនៅក្នុងរាជធានីភ្នំពេញឲ្យអស់នៅក្នុងរយៈពេលដ៍ខ្លីខាងមុខ ។
សូមបញ្ជាក់ថា ក្រុមកម្មករនិយោជិតក្រុមហ៊ុនស៊ីនទ្រីបានធ្វើកូដកម្មតាំងពីល្ងាចថ្ងៃទី០២ តុលា ២០២០ ដោយក្រុមកម្មករបានទាមទារឱ្យក្រុមហ៊ុន ស៊ីនទ្រី ដោះស្រាយនូវប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ និង ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់ ។
គេនៅមិនទាន់ដឹងពីមូលហេតុនៃការប្តូរចិត្តរបស់ក្រុមកម្មករនោះនៅឡើយទេ គិតត្រឹមម៉ោង៣និង៣១នាទីរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ ៕