នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៦ តុលា លោកឧត្តមសេនីយ៍ Narongphan Jitkaewtae មេបញ្ជាការកងទ័ពជើងគោកថៃ បានធ្វើការព្រមាននិងផ្ញើសារទៅក្រុមបាតុករថៃថា ត្រូវកែប្រែខ្លួនឯងជាមុនសិន បើចង់ទាមទារឲ្យមានការកែទម្រង់របបរាជានិយមក្នុងប្រទេសនោះ។
បើតាមបាងកកប៉ុស្តិ៍ នៅពេលសួរពីជំហររបស់ក្រុមបាតុករក្នុងការធ្វើបាតុកម្មនៅសប្ដាហ៍ក្រោយ ហើយដែលបាតុកម្មនោះ ត្រូវក្រុមបាតុករអះអាងថានឹងផ្ដោតលើការកែទម្រង់រាជានិយមនោះ លោកឧត្តមសេនីយ៍ Jitkaewtae បានឆ្លើយថា ប្រជាជនមានសេរីភាព ប៉ុន្តែសេរីភាពនៃការបញ្ចេញរបស់ពួកគេ ត្រូវតែស្របតាមច្បាប់ ពោល គឺពួកគេមិនត្រូវបំពានសិទ្ធិអ្នកដទៃ ហើយទទួលខុសត្រូវចំពោះមុខច្បាប់ បើធ្វើខុសច្បាប់។
លោកមេបញ្ជាការកងទ័ពជើងគោកថៃ ដែលទើបចូលកាន់តំណែងកាលពីខែមុននោះ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានទៀតថា ឱកាសនៃការធ្វើរដ្ឋប្រហារគឺសូន្យ លុះត្រាតែមានស្ថានភាពកាន់តែយ៉ាប់យ៉ឺន ហើយលោកក៏បានជំរុញឱ្យប្រជាជនទប់ស្កាត់ផងដែរ ។
នាឱកាសនោះ លោកមេទ័ពរូបនេះ ក៍បានប្ដេជ្ញាចិត្តការពារជាតិ សាសនា មហាក្សត្រ និងប្រជាជន ទោះត្រូវលះបង់អ្វីក៏ដោយ ៕