អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន លោក គ្រុយ លឹមហេង ត្រូវបានតុលាការផ្តន្ទាទោសសម្រេចដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀលចូលថវិការដ្ឋ ។
មុនពេល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បើកសវនាការប្រកាសសាលក្រមសម្រេចផ្តន្ទាទោសនៅព្រឹកថ្ងៃទី០៨ តុលា ២០២០នេះ លោក គ្រុយ លឹមហេង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ( ACU) ឃាត់ខ្លួន កាលពីអំឡុងចុងឆ្នាំ២០១៩ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបោះត្រាយកលុយពីពករដ្ឋដោយខុសច្បាប់ ក្នុងអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ និងត្រូវបានតុលាការចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច បទវីតិក្រម (យកលុយលើសការកំណត់) និងបទបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល (ចាប់តាំងពីឆ្នាំ២០១៥ ដល់២០១៩) ។
ជាការកត់សម្គាល់ លោក គ្រុយ លឹមហេង បានក្លាយជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសទី២ហើយ ដែលត្រូវតុលាការផ្តន្ទាទោសបន្ទាប់ពីអតីតឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) លោក ស៊ុត ឌីណា អាយុ៤៥ឆ្នាំ ត្រូវបានតុលាកាតចោទប្រកាន់ពីបទ កេងយកប្រយោជន៍ដោយខុសច្បាប់ យោងតាមមាត្រា៥៩៧ និងមាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទ រំលោភអំណាច យោងតាមមាត្រា៣៥ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ក្រោយអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា លោកស៊ុត ឌីណា មានលុយប្រមាណ ៧,២លានដុល្លារអាម៉េរិក មាស ១២,៧៤គីឡូក្រាម មានផ្ទះវីឡា ២កន្លែង ដីជាង១០កន្លែង និងប្រាក់ក្នុងធនាគារជាច្រើនទៀត និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ឋនាគាររយៈពេល៥ឆ្នាំកាលពីឆ្នាំ២០១៦ និងក្រោយមកត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីខែឧសភា ឆ្នាំ២០២០កន្លងមក ៕