អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានថ្លែងថា គោលដៅចរាចរណ៍ពិតជាចាំបាច់មានមន្ត្រីអន្តរាគមន៍ ដើម្បីជួយអន្តរាគមន៍លើករណីពលរដ្ឋគេចវេះពីការត្រួតពិនិត្យ ។
អ្នកនាំពាក្យរូបនេះ បានប្រាប់ Thmey Thmey ទៀតថា «នៅគ្រប់គោលដៅនគរបាលចរាចរណ៍ កន្លែងខ្លះយើងដាក់ កន្លែងខ្លះយើងអត់ដាក់កម្លាំងអន្តរាគមន៍(នគរបាលអន្តរាគមន៍)។ មូលហេតុអ្វីបានយើងដាក់កម្លាំងអន្តរាគមន៍ យើងជៀសវាងអ្នកគេចរត់ឬមានប្រតិកម្ម នៅកន្លែងគោលដៅចរាចរណ៍។ ពេលខ្លះដោយសារគោលដៅចរាចរណ៍ទាំងអស់ក៏មានភារកិច្ចចូលរួមចំណែកទប់ស្កាត់និងបង្ក្រាបបទល្មើសចោរឆក់ …។ ហើយនគរបាលអន្តរាគមន៍មានតួនាទីសម្របសម្រួលជួយគាំទ្រដល់នគរបាលចរាចរណ៍នៅគោលដៅនោះ គាត់មានសិទ្ធិឃាត់(រថយន្ត) ដើម្បីជួយសម្រួលដល់កិច្ចការចរាចរណ៍ ប៉ុន្តែគាត់មិនមែនជាអ្នកអនុវត្តតួនាទីជានគរបាលចរាចរណ៍ ចេញលិខិតពិន័យនោះទេ។ ការផាកពិន័យគឺនគរបាលចរាចរណ៍ជាអនុវត្ត»។ នេះបើតាមការលើកឡើងរបស់លោក ឆាយ គឹមខឿន ដោយសង្កាត់ធ្ងន់ថា បើមន្រី្តណាមួយឃាត់រយន្ត ដែលមិនមានកំហុសគឺខុសទាំងមន្រី្តនគរបាលចរាចរណ៍និងនគរបាលអន្តរាគមន៍។
ការលើកឡើងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិខាងលើ បានធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ត្រីទី ចំរើនកុសល បានចេញមុខរិះគន់លើមន្ត្រីនគរបាលមានសមត្ថកិច្ច ដែលឈរជើងតាមគោលដៅ ដើម្បីត្រួតពិនិត្យ និងផាកពិន័យលើការបើកបរល្មើសច្បាប់ចរាចរណ៍ ពិសេសលោកបានរិះគន់លើតួនាទីរបស់នគរបាលអន្តរាគមន៍ដែលសហការជាមួយកម្លាំងនគរបាលចរាចរណ៍។
លោកឧត្តមសេនីយ៍ត្រីរូបនេះ បានសរសេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី០៧ តុលា ដូច្នេះថា៖«ជារឿយៗ ខ្ញុំតែងតែសង្កេតឃើញប្អូនៗនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានី ដែលចុះសហការណ៍ជាមួយនគរបាលចរាចរណ៍តាមគោលដៅមួយចំនួនតែងតែចេញមកហៅ ឬឃាត់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯង។ នេះគឺជាការប្រព្រឹត្តខុសពីតួនាទី និងភារកិច្ចរបស់ខ្លួន។ ដោយហេតុថា ប្អូនៗមិនមែនជានគរបាលចរាចរណ៍ទេ ដូចនេះប្អូនៗគ្មានភារកិច្ចអ្វីត្រូវហៅ ឬបញ្ឈប់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានឡើយ»។
លោក ទី ចំរើនកុសល បានបកស្រាយថា តួនាទី និងភារកិច្ចរបស់នគរបាលអន្តរាគមន៍ គឺដើម្បីជួយអន្តរាគមន៍ និងបង្ក្រាបរាល់បទល្មើសចរាចរណ៍ទាំងឡាយណា ដែលមិនព្រមឈប់តាមការបញ្ឈប់របស់នគរបាលចរាចរណ៍ ឬមានបង្កអំពើហិង្សាមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់..។ល។
បើតាមលោក ចំរើនកុសល នគរបាលអន្តរាគមន៍ត្រូវឈរចម្ងាយ៥០ម៉ែត្រ ពីគោលដៅនគរបាលចរាចរណ៍ដែលកំពុងអនុវត្តន៍ច្បាប់នីមួយៗ មិនមែនឈរផ្តុំគ្នាជាមួយនឹងនគរបាលចរាចរណ៍នោះទេ។ «កន្លងមកគោលដៅដែលខ្ញុំឧស្សាហ៍ឃើញនគរបាលអន្តរាគមន៍ឈរផ្តុំគ្នាជាមួយនគរបាលចរាចរណ៍ផ្លូវគោក និងចេញមកបង្ក្រាបដោយឯកឯង គឺនៅគោលដៅអាងទឹក គោលដៅភ្លើងស្តុបផ្សារដើមគរ និងគោលដៅរង្វង់មូលគួចកាណុង»។ នេះជាការលើកឡើងរបស់ឧត្តមសេនីយ៍ត្រី ទី ចំរើនកុសល។
ទាក់ទងទៅនឹងការលើកឡើងរបស់លោកផ្កាយ១ ទី ចំរើនកុសល នៅលើបណ្តាញសង្គមហ្វេសប៊ុកខាងលើនេះដែរ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការពន្យល់បកស្រាយយ៉ាងដូច្នេះ«យោងតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យោងផែនការសកម្មភាពលេខ០០៣/២០ គ.ស.ច.គ/អក២ របស់អនុគណៈកម្មការទី២ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងយោងតាមផែនការសម្មភាពលេខ ០៣៩ ផក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅ (ពេលថ្ងៃ) ចាប់ពីម៉ោង ៧ : ០០នាទីព្រឹក ដល់ម៉ោង ១៥ : ០០នាទីល្ងាច និង (ពេលយប់) អនុវត្តត្រួតពិនិត្យជាតិស្រវឹង និងបទល្មើសផ្សេងៗទៀត ចាប់ពីម៉ោង ២១ : ០០នាទី ដល់ម៉ោង ០០ : ០០នាទីរំលងអធ្រាត្រ ។ ហើយបានដំណើរការចុះអនុវត្តតាមផែនការចាប់ពីខែឧសភា រហូតមកទល់ពេលបច្ចុប្បន្ននេះ កម្លាំងដែលចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករួមមាន÷
១- កម្លាំងមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក (ជាកម្លាំងជំនាញ) មានតួនាទីជាអ្នកឃាត់យានដែលល្មើស មកធ្វើការត្រួតពិនិត្យបទល្មើសចរាចរណ៍ដែលកើតមានឡើង (ចុះឃាត់ បញ្ចៀសអែបខាង ឲ្យអ្នកបើកបរដើរទៅជួបមន្ត្រីត្រួតពិនិត្យឯកសារ និងបញ្ជាក់ពីកំហុសនៃបទល្មើស) និងចេញបង្កាន់ដៃដើមទី ដើម្បីផាកពិន័យតាមច្បាប់ទៅតាមស្នាក់ការដែលបានកំណត់ ។
២- ចំពោះកម្លាំងអន្តរាគមន៍ពិសេស (ជាកម្លាំងសហការ) មានភារកិច្ចចុះសហការជាមួយកម្លាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ជាពិសេពេលយានដែលល្មើស បើកគេចវេសពីការត្រួតពិនិត្យរបស់មន្ត្រីនគរបាលរាចរណ៍ ដូចជាការរឹងរូស មិនឈប់មធ្យោបាយដើម្បីឲ្យត្រួតពិនិត្យ បង្កបាតុភាព ឬមានករណីសង្ស័យថាអ្នកបើកបរមធ្យោបាយទាំងនេះ មានពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ប្រើប្រាស់អាវុធខុសច្បាប់ ។ល។ គឺអាចចេញមកជួយឃាត់យានទប់ស្កាត់ និងប្រដេញក្នុងករណីចាំបាច់ណាមួយ ។ ហើយចំពោះការដែលលើកឡើងថា កម្លាំងអន្តរាគមន៍ពិសេស គ្មានសិទ្ធិឃាត់យានត្រួតពិនិត្យគឺត្រឹមត្រូវ តែកម្លាំងអន្តរាគមន៍ អាចចុះសហការទប់ស្កាត់ឃាត់យាន ដែលមានបំណងចង់បើកគេចវេសពីការត្រួតពិនិត្យ របស់កម្លាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលជាកម្លាំងជំនាញ ៕»៕