ប្រទេសម៉ាឡេស៊ី កម្ពុជា ឡាវ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ត្រូវបានបញ្ចូលទៅក្នុងបញ្ជីប្រទេស និងដែនដី ដែលត្រូវបានគេចាត់ទុកថាតំបន់មានហានិភ័យខ្ពស់ នៃការឆ្លងមេរោគថ្មី នៃវីរុសកូវីដ-១៩ នេះបើតាម The Nation របស់ថៃបានចុះផ្សាយនៅថ្ងៃទី២៣ មេសា ២០២០ ម្សិលមិញនេះ ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី២២ មេសា ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសុខាភិបាលលោក Anutin Charnvirakul ដោយចុះផ្សាយនៅលើគេហទំព័ររ៉ូយ៉ាល់ហ្គាត បានបញ្ជាក់ថា ស្ថានភាព Covid-19 នៅក្នុងប្រទេសទាំងនេះកំពុងតែមានការកើនឡើង នាំឲ្យប្រទេសទាំង៥នេះ មានហានិភ័យខ្ពស់ នៃការចម្លងមេរោគកូវីដ១៩ ។ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារនិងគ្រប់គ្រងជំងឺ ក្នុងចំណោមអាជ្ញាធរថៃ ។
កាលពីថ្ងៃទី៦ ខែមីនា ប្រទេសថៃ បានដាក់ប្រទេសចំនួន៤ គឺប្រទេសចិន(រួមហុងកុងនិងម៉ាកាវ) កូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់ ជាប្រទេសដែលមានហានិភ័យខ្ពស់ នៃការឆ្លងមេរោគ Covid-19 ។
សេចក្តីប្រកាសថ្មីនេះ នាំឲ្យចំនួនប្រទេសនិងដែនដីឡើងដល់៩ហើយ ដែលព្រះរាជាណាចក្រថៃ ដាក់ជាតំបន់កំពុងប្រឈមនឹងហានិភ័យខ្ពស់ ចំពោះ Covid-19 ខណៈដែលប្រទេសថៃ ខ្លួនឯងរកឃើញចំនួនអ្នកឆ្លងថ្មី ស្ទើរតែរាល់ថ្ងៃទៅហើយ ។
គិតមកត្រឹមល្ងាចថ្ងៃទី២៤ មេសានេះ ប្រទេសថៃមានចំនួនអ្នកឆ្លងកូវីដ១៩ ខ្ពស់លំដាប់ទី៥ ក្នុងតំបន់អាស៊ាន ទាំង១០ប្រទេស នៅទូទាំងប្រទេសថៃ មានអ្នកឆ្លងសរុប ២,៨៥៤ករណី និងជាសះស្បើយចំនួន ២៤៩០នាក់ និងអ្នកស្លាប់ចំនួន៥០នាក់ ស្របពេលដែល ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងលំដាប់ទី៩ ក្នុងតំបន់អាស៊ាន ហើយមានអ្នកឆ្លងសរុប ១២២នាក់គត់ និងអ្នកជាសះស្បើយចំនួន១១០នាក់ និងមិនមានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩នេះទេ ៕