រាជធានីភ្នំពេញ ៖ កងទ័ពមួកខៀវកម្ពុជា ៣នាក់ បានឆ្លងកូវីដ១៩ ក្នុងចំណោមកម្លាំងសរុប៨២នាក់ ដែលកំពុងបំពេញបេសកកម្ម នៅក្នុងតំបន់គីដាល នៅប្រទេសម៉ាលី ។
បើយោងតាមឧត្តមសេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុកមួយនាព្រឹកថ្ងៃទី២៤ មេសានេះ អោយដឹងថា កងទ័ពមួកខៀវកម្ពុជា ចំនួន៣រូបដំបូងគេ ដែលបានឆ្លងមេរោគកូវីដ១៩នេះ ក្នុងនោះមាន(បុរស២នាក់ និងស្ត្រីម្នាក់) ក្រោយពីពិនិត្យរកឃើញ វិជ្ជមាន ។
ឧត្តមសេនីយ៍ឯក ផល សាម៉ន បានបន្តថា ពេលនេះ អង្គការសហប្រជាជាតិ UN និងក្រសួងការពារជាតិកម្ពុជា បាននិងកំពុង តាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងបញ្ជូនកងទ័ពមួកខៀវកម្ពុជា ឲ្យមកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបាម៉ាកូ ក្នុងប្រទេសម៉ាលី ។
លោកក៏បានបញ្ជាក់ផងដែរថា កាលពីអំឡុងដើមខែមេសា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិកម្ពុជា បានបញ្ជូនសម្ភារការពារមេរោគឆ្លង (ម៉ាស់ ទឹកអាកុល ជែលលៀងដៃ) ចំណាយថវិកាជាង២ម៉ឺនដុល្លារ និងផ្តល់អាវពាក់ការពារមេរោគ ប្រមាណជិត៨០កំប្លេ ចំណាយថវិកាអស់ប្រមាណអស់ជិត១,៤០០០ដុល្លារ បន្ថែមពីលើជំនួយពីអង្គការសហប្រជាជាតិ ផ្តល់ជូនកងទ័ពមួកខៀវកម្ពុជា កំពុងឈរជើងតាមបណ្តាប្រទេសចំនួន៤នោះ រួមមាន ប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រឹកកណ្តាល ។
សូមជម្រាបដែរថា នៅថ្ងៃទី១៨ មេសា វេលាម៉ោង ២០:០០ នាទី សិក្ខាកាមយោធាកម្ពុជាយើងចំនួន ៣ រូប បានឆ្លង កូវីដ-១៩ បន្ទាប់ពីបានបញ្ជួនទៅពិនិត្យនៅមន្ទីរពេទ្យក្រុងក៏បានរកឃើញលទ្ធផល វិជ្ជមាន ។ ដែលសិក្ខាកាមទាំង ៣ រូបកំពុងសិក្សាឆ្នាំទី ៣ ជំនាញវេជ្ជសាស្ត្រទូទៅ នៅសកលវិទ្យាល័យវេជ្ជសាស្ត្រយោធា នៃទីក្រុងសេនភីតថើស្បឺក (Saint Petersburg) ។
ប្រភពដដែលបានបញ្ជាក់ថា «មូលហេតុនៃការឆ្លងនេះ គឺដោយសារតែមានការឆ្លងពីបណ្តាសិក្ខាកាមយោធា ជនបរទេសដទៃទៀត ដែលសិក្សាឆ្នាំជាមួយគ្នា និងស្នាក់នៅជាន់ជាមួយគ្នា។ បច្ចុប្បន្នសិក្ខាកាមយោធាកម្ពុជាទាំង០៣រូបត្រូវបានខាងសាលាបញ្ជួនទៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ និងកំពុងតាមដានសុខភាពបន្តទៀត» ។
យ៉ាងណាមិញ ស្ថានភាព របស់សិក្ខាកាមយោធាទាំង ៣នាក់ មិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ ៕