ខេត្តកណ្ដាល ៖ ទាហានវៀតណាម បានចូលមកក្នុងតំបន់ស សាងសង់តង់បណ្ដោះអាសន្ន និងតង់ចងជាអង្រឹង ចំនួន៩កន្លែង ក្រោមហេតុផលថា ជាការទប់ស្កាត់កូវីដ-១៩នោះ ត្រូវបានលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំកម្លាំងចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ហើយបញ្ជាឲ្យភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយពីបន្ទាត់ស វិញផងដែរ ។
ប្រភពពីស្នងការដ្ឋានខេត្តកណ្ដាល បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៦ មេសា ២០២០ម្សិលមិញនេះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានដឹកនាំកម្លាំងដោយផ្ទាល់រួមមាន៖ លោកស្នងការរង, មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥, លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ដំបូកចែវ ជាច្រើនរូបទៀត ចុះទៅពិនិត្យដោយថ្មើរជើង តាមបន្ទាត់ព្រំដែន ពីចំណុចបាកដាយ ដល់ចំណុចចំការចេក ដែលជាគោលដៅចំណុះឲ្យប៉ុស្ដិ៍ដំបូកចែវ ។
ការចុះពិនិត្យតាមបណ្ដោយព្រំដែននេះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានអោយដឹងថា ដើម្បីធ្វើយ៉ាងណាឲ្យក្នុងតំបន់ស មិនមានការរំលោភ សាងសង់ ឬដាំដំណាំផ្សេងៗ ពីភាគីខាងវៀតណាម ចូលក្នុងទឹកដីខ្មែរ បានឡើយ ។
ក្រោយពីការចុះពិនិត្យជាក់ស្ដែង ឃើញមានតង់ចំនួន៩កន្លែង ដែលទាហានវៀតណាម សាងសង់ចូលក្នុងតំបន់ស ក្រោមហេតុផលទប់ស្កាត់កូវីដ-១៩នោះ លោកស្នងការ ឈឿន សុចិត្ដ ក៏បានបញ្ជាឲ្យភាគីខាងវៀតណាម រុះរើតង់ចេញ និងដកថយក្រោយឲ្យបានឆ្ងាយពីបន្ទាត់ព្រំដែនជាតំបន់ស ភ្លាមៗ ។
ជាមួយគ្នានោះដែរ លោកស្នងការក៏បានប្រាប់ឲ្យលោកមេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥ ធ្វើយ៉ាងណាជម្រុញកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែនឲ្យដើរល្បាត ជាប់ជាប្រចាំ តាមបន្ទាត់ព្រំដែននៅជាប់តំបន់ស នោះ ។
លោកស្នងការ ឈឿន សុចិត្ដ ក៏បានបញ្ជាក់ដែលថា ប៉ុស្ដិ៍ព្រំដែនដំបូកចែវ មានគោលដៅ២ប៉ុស្ដិ៍បន្ថែមទៀត ដែលមានប្រវែងពីគ្នា ជិត៥គីឡូម៉ែត្រ (ប៉ុស្ដិ៍បាកដាយ និងប៉ុស្ដិ៍ចំការចេក) កម្លាំងតាមប៉ុស្ដិ៍ព្រំដែន ត្រូវតែដើរល្បាតជាប្រចាំ ដើម្បីធ្វើយ៉ាងរក្សាសន្ដិសុខ ស្ថេរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន ៕