រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារថ្លែងអំណរគុណទៅដល់បងប្អូនពលករខ្មែរ នៅម៉ាឡេស៊ី ដែលយោគយល់ដល់វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជាកន្លងមក ហើយនៅពេលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចអោយពលករខ្មែរជាង២០០នាក់ អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ ។
បើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន បានអោយដឹងថា មកទល់ថ្ងៃនេះ កម្ពុជានិងពិភពលោកកំពុងសកម្មនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ។ ហើយមកទល់ពេលនេះ ពិភពលោក ក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ ។
រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង២០០នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជា កាលពីពេលថ្មីៗ ក្នុងពេលដែលដែលប្រទេសយើងកំពុងដាក់បម្រាមតឹងរឹង ក្នុងការធ្វើដំណើរ ។
នាយករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែនៅពេលនេះ បម្រាមការធ្វើដំណើរក្នុងប្រទេសក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអោយកូនក្មួយពលករខ្មែរជាង២០០នាក់អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលាអោយខាងអាជ្ញាធរម៉ាឡេស៊ី គេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថាកូនក្មួយ អវិជ្ជមាន នៃជំងឺកូវីដ-១៩ ។ យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់ ។
សម្តេចតេជោ បានបន្ថែមទៀតថា សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុងពេលឆាប់ៗនេះ ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាលនៅទីនោះសិន រហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ ។
ចំពោះកូនក្មួយដែលនឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ ។
សូមជម្រាបថា កាលពីអំឡុងដើមខែមេសា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់មិនឱ្យពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ដែលចង់វិលត្រឡប់មកកម្ពុជាវិញ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នោះ ដោយបារម្ភខ្លាចមានការនាំជំងឺកូវីដ១៩ ចូលមកក្នុងប្រទេស ៕