គិតចាប់តាំងពីថ្ងៃទី០១ កញ្ញា មកទល់នឹងព្រឹកថ្ងៃទី១៧តុលានេះ មនុស្សចំនួន២៤នាក់បានស្លាប់(ក្មេង៨នាក់) ដោយសារគ្រោះទឹកជំនន់ទូទាំងប្រទេសកម្ពុជា ។
នេះបើយោងតាមទិន្នន័យផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ របស់នាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
បើតាមរបាយការណ៍ដដែល ជំនន់ទឹកភ្លៀងបានបណ្តាលរាជធានី ខេត្តចំនួន១៩រងផលប៉ះពាល់ក្នុងនោះរួមមាន៖រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ ព្រមទាំងបណ្តាលឲ្យប្រជាពលរដ្ឋជាង២៤ម៉ឺននាក់រងផលប៉ះពាល់ ក្នុងនោះប្រជាពលរដ្ឋជិត៨០០០គ្រួសារស្មើនឹងមនុស្សជាង២ម៉ឺននាក់ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ។
តាមទិន្នន័យដដែល ក្រៅពីប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៥ម៉ឺនគ្រួសារ ផ្ទះជិត៦ម៉ឺនខ្នង(ខូចខាត៥៦ខ្នង) ជំនន់ទឹកភ្លៀងដែលគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវនិងដំណាំផ្សេងៗជាង២០ម៉ឺនហិកតា(ស្រូវជិត១៧ម៉ឺនហិកតា) សាលារៀនលិចទឹក៤៥៩កន្លែង និង ប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្តនិងផ្លូវគ្រួសក្រហម ៣៤៤គីឡូម៉ែត្រ ផ្លូវលំជនបទលិចទឹក ១៤៥៩គីឡូម៉ែត្រ និងលិចស្ពាន២៤កន្លែង៕