រដ្ឋផ្ទេរសួនច្បារសាធារណៈនៅជិតកាស៊ីណូណាហ្កាឲ្យយាយភូគ្រប់គ្រង

ផ្ទៃដី​ជាង ៨០០០​ម៉ែត្រក្រឡា នៅ​កណ្តាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​អ្នកស្រី ជឹ​ង សុភាព ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជំទាវ​ម្នាក់​ដ៏​លេចធ្លោ​ជាងគេ​នៅ​ក្នុង​ប្រទេស ហើយ​ក្រុមហ៊ុន​របស់​អ្នកស្រី​ត្រូវ​គេ​អះអាង​ថា​ធ្លាប់​បាន​ចាក់​លុប​បឹង​កក់ រួម​ទាំង​ទទួល​បាន​ដី​សម្បទាន​ចំនួន ៣០០ ០០០ ហិ​កតា​ផង​ដែរ​។​

​នៅ​ស​ប្តា​ហ៍​នេះ វី​អូ​ឌី​បានឃើញ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដែល​បង្ហាញ​ពី​ការ​ផ្ទេរ​ដី​មាន​ទីតាំង​ជិត​កាស៊ីណូ​ណា​ហ្គា​វើ​ល ដែល​បច្ចុប្បន្ន​ដី​នោះ​មាន​បង្គន់​សាធារណៈ​ចំនួន ២ ប៉ុស្តិ៍​នគរបាល​មួយ ការិយាល័យ​កងរាជអាវុធហត្ថ ចំណតរថយន្ត និង​ទីធ្លា​ស្មៅ​។​

​អនុក្រឹត្យ​ដែល​ចេញ​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ហើយ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ លោក នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន បាន​បញ្ជាក់​ថា​ការ​ផ្ទេរ​ដីធ្លី​នេះ​នឹង​ត្រូវ​អនុវត្ត​ដោយ​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ​។​

​អនុក្រឹត្យ​នោះ បាន​ផ្តល់​ដី​៣​កន្លែង​ខុស​គ្នា​ទៅ​ឱ្យ​អ្នកស្រី ជឹ​ង សុភាព ដែល​ក្នុង​នោះ​មាន​ដី​ទំហំ ២ ៣២១​ម៉ែត្រក្រឡា ដែល​មាន​ទីតាំង​ទល់មុខ​ណា​ហ្គា​វើ​លតា​ម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ រួម​ជាមួយនឹង​ដី​ទំហំ ៥០០០​ម៉ែត្រក្រឡា​នៅ​ខាងជើង​ទល់មុខ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​តាម​បណ្តោយ​វិ​ថី​ស៊ី​សុវត្ថិ និង​ទី​៣ ដី​ទំហំ ៩៤១ ម៉ែត្រក្រឡា ក្បែរ​ស្ពាន​ហង្ស កោះ​ពេជ្រ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផា​ន មាន​ប្រសាសន៍​ថា លោក​មិន​បានដឹង​ព័ត៌មាន​លម្អិត​ពី​ការ​ផ្ទេរ​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​លោក​ហ៊ុន​សែន​បាន​យល់ព្រម វា​ត្រូវ​តែ​ជា​រឿង​សំខាន់​។​

​លោក​បាន​និយាយ​ថា​៖ «​អាហ្នឹង​ទាល់តែ​ផល​ប្រ​យោ​ជ​ន៏​សម្រាប់​រដ្ឋ​ធំ ដែល​វា​ជា​អាទិភាព​ទើប​លោក​ធ្វើ ព្រោះ​វា​ជា​ការ​ទទួលខុសត្រូវ​របស់​នាយក​រដ្ឋមន្ត្រី »​។​

​ឆ្លើយ​តប​ទៅ​នឹង​សំនួរ ដែល​សួរ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី អំពី​រការ​បញ្ចប់​ការ​ផ្លាស់​ប្តូរ​ដីធ្លី​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក ផៃ ស៊ី​ផា​ន បាន​និយាយ​ថា វា​ជា​បញ្ហា​មួយ ដែល​ត្រូវ​តែ​គិត​ពី​អាទិភាព​ជា​មុន​។​

​អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា ៖«​ការ​ថ្លឹងថ្លែង​មើល​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​អាទិភាព​នឹង​ដែល​បង្ខំចិត្ត​ឱ្យ​សម្តេច​ចុះ​ហេ​ត្ថ​លេខា នេះ​តាម​ការ​យល់​ឃើញ​របស់ខ្ញុំ »​។​

​លោក​ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​។ អ្នកនាំពាក្យ​សាលា​រាជធានី​លោក ម៉េ​ត មាស​ភក្តី មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ផ្ទេរ​ដីធ្លី​នោះ​ទេ តែ​លោក​នឹង​ពិនិត្យ​មើល​។ ជាមួយ​គ្នា​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។​

​អ្នកស្រី ជឹ​ង សុភាព ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​យាយ​ភូ គឺជា​ភរិយា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា លោក ឡាវ ម៉េ​ង​ឃី​ន ហើយ​ជានា​យក​ក្រុមហ៊ុន​ភាព​ភី​ម៉ិច ស៊ូ​កា​គូ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​។​

​កាលពី​ឆ្នាំ​២០០០ ក្រុមហ៊ុន​ភាព​ភី​ម៉ិច បាន​ទ​ទូល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៣១៥ ០០០ ហិ​កតា នៅ​ខេត្តពោធិ៍សាត់ និង​កំពង់ឆ្នាំង ដែល​ការ​សម្បទាន​មួយ​កំណត់​ត្រឹមតែ​១០ ០០០​ហិ​កតា​តែ​ប៉ុណ្ណោះ​។​

​ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​ស៊ូ​កា​គូ ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឱ្យ​អភិវឌ្ឍន៍​បឹង​កក់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០០៧ ដែល​ពេល​នោះ​ផ្ទៃ​បឹង​ត្រូវ​ចាក់​លុប ខណៈ​អ្នក​ដែល​រស់នៅ​ទីនោះ​ក៏​បាន​ត្រូវ​បាន​បណ្តេញចេញ​ដោយ​បង្ខំ​ផង​ដែរ​។​

​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​លើក​ឡើង​ថា​នីតិវិធី​ក្នុង​ការ​ផ្ទេរ​ដី​គឺ​គ្មាន​ទាំង​ភាព​ច្បាស់លាស់ និង​តម្លាភាព ជា​ពិសេស​ទាក់ទង​នឹង​ថា​តើ​ផល​ប៉ះពាល់​បរិស្ថាន​ត្រូវ​បាន​សិក្សា និង​បង្ហាញ​ជា​សាធារណៈ​ដែរ​ឬទេ​។​

​អ្នកស្រី​បាន​និយាយ​ថា​៖«​តាម​លក្ខខណ្ឌ​ច្បាប់ ការ​ដែល​អាច​ធ្វើ​អនុ​និ​យោគ​ហ្នឹង​គឺ​ដរាបណា​ដែល​ដី ឫ​ក៏​ទីតាំង​ហ្នឹង វា​លែង​បម្រើ​ផល​ប្រ​យោ​ជ​ន៏​សាធារណៈ​។ ចឹ​ង​សំនួរ​ដែល​ចោទសួរ​នោះ​ថា​តើ​ទីតាំង​ទាំងនោះ ដែល​រដ្ឋាភិបាល​ធ្វើ​អនុ​និ​យោគ​ហ្នឹង តើ​វា​បាទ​ផល​ប្រ​យោ​ជ​ន៏​សា​ធារ​ណះ​ដែរ ឫ​ទេ​»​។​

​អ្នក​នាង អាន ធីតា នាយករង​ក្រុមហ៊ុន​អចល​ទ្រព្យ CBRE កម្ពុជា ដី​ក្នុង​តំបន់​ដែល​បាន​ផ្ទេរ​នោះ​ក្នុង​មួយ​ម៉ែត្រការ៉េ​តម្លៃ​ប្រមាណ​ជា​៥​ពាន់​ដុល្លា ដែល​មាន​ន័យ​ថា​ដី​ទាំង​៨០០០​ម៉ែត្រការ៉េ​នោះ​មាន​តម្លៃ​ប្រមាណ​៤០​លាន​ដុល្លា​។​

​អ្នក​នាង​បាន​បន្ថែម​ថា​វា​ជា​តំបន់​ដែល​ទាក់ទាញ ប៉ុន្តែ​អ្នក​វិនិយោគ​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​របស់​ខ្លួន​ប្លែក​ពី​គម្រោង​នៅ​ក្បែរ​ៗ​នោះ​ដូច​ជា​ណា​ហ្គា the Bridge និង​ផ្សា​អ៊ី​អន​ជាដើម​៕

ប្រភព៖ VOD