គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានភូមិសាស្ត្ររស់នៅ អមសងខាងដងព្រែកកំពង់បាយ ថាស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នាវេលាម៉ោង ៧និង០០ នាទីព្រឹក មានកម្ពស់ ១៤៨.៨៩ម និងទឹកហូរចូលអាងមានចំនួន ៧៣៦.៥០ម ក្នុងមួយវិនាទី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី១៧ ខែតុលានេះ។
តាមការបញ្ជាក់ខាងលើ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក តាមលក្ខណៈបច្ចេកទេសដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់នៅតែបន្តធ្លាក់។
ក្នុងសេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា ការបើកទ្វារទឹកនេះ អាចនឹងបណ្តាលឱ្យជន់លិចនៅភូមិសាស្ត្រ នៅអមសងខាងដងព្រែក។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ផ្សេងៗជាយថាហេតុ៕