សំណុំរឿងគ្រូពេទ្យធ្មេញម្នាក់ដែលបើករថយន្តបំបុកពីក្រោយទៅលើបុរសម្នាក់ដែលកំពុងជិះម៉ូតូ រួចថយរថយន្តកិនបន្ថែមបណ្តាលឲ្យស្លាប់និងកំពុងតែកក្រើកនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ នៅព្រឹកនេះសាច់ញាតិគ្រួសារជនបង្កជាគ្រូពេទ្យនោះ បានអះអាងថា រឿងនេះជាករណីដេញតាមចោរ ហើយកើតទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ មិនមែនជារឿងមនុស្សឃាតនោះទេ ។
នេះបើយោងតាមលោកឧត្តមសេនីយ៍ ទីចំរើន កុសល ដែលគេស្គាល់ថាជាអ្នករិះគន់ក្នុងន័យស្ថាបនាមិនសំចៃមាត់នៅលើបណ្តាញសង្គមដែលកំពុងល្បីឈ្មោះម្នាក់បានសរសេរបង្ហោះនៅប៉ុន្មាននាទីមុននេះ ។
យ៉ាងណាក៍ដោយ បើតាមលោក ទីចំរើន កុសល សំណុំរឿងនេះរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញថាតើរឿងមួយនេះការពិតវាយ៉ាងណាទៅវិញ ? ។
ជនបង្កឈ្មោះ យ៉ាន់ណា លីណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥ អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍លោកពេទ្យធ្មេញបើករថយន្តម៉ាក Lexus NX 200 T ស្លាកលេខ ភ្នំពេញ 2BH-8494 ភ្នំពេញ បុកម៉ូតូជនរងគ្រោះពីក្រោយ រួចថយកិនបណ្ដាលអោយស្លាប់នោះគឺ កើតឡើងកាលពីម៉ោងប្រមាណ១១និង៣០នាទីយប់ថ្ងៃទី១៥ តុលា ២០២០ នៅចំណុចផ្លូវ ១៧៣ កែងផ្លូវ ៣២៨ សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង ។
បើតាមលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញទទួលផែនចរាចរណ៍ បានបញ្ជាក់ពីថ្ងៃម្សិលមិញថា សំណុំរឿងនេះសមត្ថកិច្ចនឹងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមច្បាប់នៅថ្ងៃទី១៧ តុលា ២០២០នេះ ។
បើតាមវីដេអូដែលត្រូវបានគេចែកចាយបន្តគ្នាលើបណ្ដាញសង្គមហ្វេសប៊ុក ឃើញថា ជនបង្កពិតជាមានចរិតឃោរឃៅព្រៃផ្សៃណាស់ បន្ទាប់ពីបុកជនរងគ្រោះពីក្រោយមិនស្លាប់ហើយ ឈ្មោះ យ៉ាន់ណា លីណា បានបើករថយន្តថយក្រោយកិនជនរងគ្រោះបន្ថែមរហូតដល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ បច្ចុប្បន្នជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានក្រុមគ្រួសារកំពុងតម្កល់ធ្វើបុណ្យនៅវត្តសំរោងអណ្ដែត ។
អ្នកដែលបានឃើញវីដេអូដែលគេចែកចាយបន្ត បានថ្កោលទោសយ៉ាងខ្លាំងទៅលើជនឈ្មោះ យ៉ាន់ណា លីណា ដែលគេស្គាល់ថាជាគ្រូពេទ្យធ្មេញ ។
ក្រុមអ្នកតាមដានសង្គមបានលើកឡើងថា ប្រសិនបើសមត្ថកិច្ចជំនាញរកឃើញថាជាករណីដេញចោរ ក៍ច្បាប់មិនអនុញ្ញាតឲ្យជនបង្កបើករថយន្តដេញបំបុកនិងថយកិនសម្លាប់ក្រៅប្រព័ន្ឋច្បាប់បែបនេះដែរ ៕