ទឹកហូរច្រោះដី ឃើញមីនជាច្រើនគ្រាប់នៅស្រុកសំឡូត

គ្រាប់​មីន​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ក្រោយ​ទឹក​ជន់​និង​ហូរ​ច្រោះ​ដី នៅ​ក្នុង​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​ជា​តំបន់​សមរភូមិ​ក្តៅ​ពី​សម័យ​សង្គ្រាម ។​

​នេះ​បើ​យោង​តាម​លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា CMAK ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក ។​

​បើ​តាម​លោក ហេង រតនា គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ មិនមែន​ហូរ​តាម​ទឹក​ទេ តែ​ក្រោយ​ទឹក​ហូរ​ច្រោះ​អស់​ដី ចេញ​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ហ្ន​ង​នៅ​តាម​ផ្លូវ ។​

​លោកនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា​ក៍បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អតីត​សមរភូមិ ហើយ​ទទួល​រង​នូវ​ទឹកជំនន់ បន្ត​ការ​ប្រុង​ប្រយ័ត្ន និង​ប្រសិនបើ​ករណី​មាន​ឃើញ​គ្រាប់​មីន ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ ត្រូវ​រាយការណ៍​ទៅ​ប៉ូ​លី​ស​មូលដ្ឋាន ឬ​កងកម្លាំង​ស៊ីម៉ាក់​ជា​បន្ទាន់​​ដើម្បី​មាន​វិធានការ​​ដោះស្រាយ ។

​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មីន (C.M.A.A) បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ជិត​៦​ខែ​ដើមឆ្នាំ​២០២០​នេះ ជន​រង​គ្រោះ​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មានការ​ថយ​ចុះ​ជាង​៤០​ភាគរយ​បើ​ប្រៀបធៀប​ជាមួយនឹង​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ​២០១៩​។​

​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ពី​ខែមករា​ដល់​ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​៣៦​នាក់​ ។ តួលេខ នេះ​បង្ហាញ​ពី​ការ​ថយ​ចុះ​៤២​ធៀប​ជាមួយនឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ ដែល​មាន​ជន​រង​គ្រោះ​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​៦២​នាក់​។​

​អាជ្ញាធរ​មីន​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ចំនួន ៣៦​នាក់​មាន​ជន​រង​របួស​ចំនួន​២៨​នាក់​និង​ស្លាប់​ចំនួន​៩​នាក់​។​

​ករណី​ទាំងនេះ​កើត​មាននៅ​តាម​បណ្តា​ខេត្ត​ចំនួន​១១ ដូច​ជា ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ កំពង់ធំ ពោធិសាត់ ក្រចេះ ព្រះ​វិហារ ប៉ៃលិន ត្បូងឃ្មុំ មណ្ឌល​គី​រី ស្ទឹង​ត្រែង និង​ខេត្តឧត្តរមានជ័យ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់ពី​ខែមករា ឆ្នាំ​១៩៧៩ ដល់​ខែឧសភា ឆ្នាំ​២០២០ មាន​ជន​រង​គ្រោះ​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​៦៤.៨៨៧​នាក់ ដែល​បាន​កត់ត្រា​ដោយ​មន្ត្រី​-​បុគ្គលិក​ប្រមូល​ទិន្នន័យ​របស់​ការិយាល័យ​CMVIS​។ ចំណោម​ជន​រង​គ្រោះ​ចំនួន​៦៤.៨៨៧​នាក់​រួម​មាន​៖ ជន​រង​គ្រោះ​ដោយសារ​មីន​ចំនួន​៥១.១១១​នាក់​(៧៩%) និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ១៣.៧៧៦​នាក់​(២១%)​។ ជន​រង​គ្រោះ​ស្លាប់​ចំនួន ១៩.៧៨៦​នាក់​(៣១%) របួស ៣៦.០៤៣​នាក់​(៥៥%) និង​ពិការ​អវៈយវៈ​ចំនួន​៩.០៥៨​នាក់ (១៤%)​។ ជន​រង​គ្រោះជា​បុរស​ចំនួន​៥២.៥៦៨​នាក់​(៨១%) ក្មេង​ប្រុស​អាយុ​ក្រោម​១៨​ឆ្នាំ ៦.០៧៦​នាក់​(៩%) ស្ត្រី ៤.៧៨៩​នាក់​(៨%) ក្មេង​ស្រី​អាយុ​ក្រោម​១៨​ឆ្នាំ១.៣៩១​នាក់​(២%) និង​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​៦៣​នាក់​(0%)៕