គ្រូពេទ្យពេជ្ឈឃាដ បើករថយន្តបំបុក រួចថយកិនបន្ថែមបណ្តាលឲ្យស្លាប់

ទីបំផុត​ទៅ ជន​បង្ក​ដែល​បើករថយន្ត​បុក​និង​ថយ​កិន បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​កាលពី​យប់​ថ្ងៃ​ទី​១៥ តុលា​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​  ។​

​បើ​តាម​ស្នងការ​រង​រាជធានី​ភ្នំពេញ​ទទួល​ផែន​ចរាចរណ៍ លោក​ឧត្តមសេនីយ៍ទោ ចេ​វ ហាក់ បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ យ៉ា​ន់​ណា លី​ណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់​នៅផ្ទះ​លេខ​៥ អឹ​ម ក្រុម​ទី​៤ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ទី​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​គួរ​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​លោក​ពេទ្យធ្មេញ​បើករថយន្ត​ម៉ាក Lexus NX 200 T ស្លាក​លេខ ភ្នំពេញ 2BH-8494 ភ្នំពេញ បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ រួច​ថយ​កិន​បណ្ដាល​អោយ​ស្លាប់​នោះ​គឺ កេ​ី​ត​ឡេ​ី​ង​កាលពី​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ តុលា ២០២០ នៅ​ចំណុច​ផ្លូវ ១៧៣ កែង​ផ្លូវ ៣២៨ សង្កាត់ ទួល​ស្វាយព្រៃ ១ ខណ្ឌ​បឹង​កេងកង ។​

​បើ​តាម​លោក​ផ្កាយ​២ ចេ​វ ហាក់ នៅ​ថ្ងៃស្អែក​នេះ សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដេ​ី​ម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។​

​បើ​តាម​វី​ដេ​អូ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​គ្នា​លេ​ី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឃេ​ី​ញ​ថា ជ​បង្ក​ពិតជា​មាន​ចរិត​ឃោរឃៅ​ព្រៃផ្សៃ​ណាស់ បន្ទាប់​ពី​បុក​ជន​រង​គ្រោះ​ពីក្រោយ​មិន​ស្លាប់​ហេ​ី​យ ឈ្មោះ យ៉ា​ន់​ណា លី​ណា បាន​បេ​ី​ក​ថយក្រោយ​កិន​ជន​រង​គ្រោះ​បន្ថែម​រហូត​ដល់​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​ក្រុម​គ្រួសារ​កំពុង​តម្កល់​ធ្វេ​ី​បុណ្យ​នៅ​វត្ត​សំរោង​អណ្ដែត ។​

​ក្រៅពី​មហាជន​ដែល​ឃើញ​វី​ដេ​អូ​ឃ្លី​ប​ដែល​គេ​បង្ហោះ​ចែកចាយ​បន្ត​គ្នា ហើយ​បាន​ថ្កោលទោស​ជន​បង្ក​នោះ លោក​ឧត្តមសេនីយ៍ ទី ចំរើន​កុសល ដែល​គេ​ស្គាល់​ថា​ជា​អ្នក​បញ្ចេញមតិ​រិះគន់​រាល់​ទ​ង្វើ​ខុសច្បាប់​នានា​នៅ​លើ​បណ្តាញ​សង្គម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​លោក ក៍បាន​ចាត់​ទុក​សំណុំរឿង​នេះ​ថា​ជា​អំពើ​មនុស្សឃាត​ដោយ​ចេតនា និង​បាន​ស្នើ​សុំ​ឲ្យ​អ្នក​អនុវត្ត​ច្បាប់​មេត្តា​កុំ​កសាង​សំណុំរឿង​មួយ​នេះ​ទៅ​ជា​មនុស្សឃាត​ដោយ​ធ្វេសប្រហែស​អោយ​សោះ​។ លោក​ថា លោក​នឹង នឹង​តាមដាន​រឿង​មួយ​នេះ ៕