ចាប់ពីស្អែកដល់ថ្ងៃទី២១ តុលា ភ្លៀងធ្លាក់កាន់តែខ្លាំង

ប្រ​ព័​ន្ឋ​សម្ពាធ​ទាប​ដែល​អូស​បន្លាយ​លើ​កម្ពុជា​កាន់តែ​បង្កើន​ឥ​ទ្ឋិ​ពល​ជា​លំដាប់ ។ ចំណែក​វិ​សម្ពាធ​ដែល​បាន​កើត​លើ​សមុទ្រ​ចិន​ខាងត្បូង​វា​នឹង​ក្លាយជា​ព្យុះ​ទី​១៧​នោះ ពេល​នេះ​វា​ស្ថិត​នៅ​ត្រឹម​កម្រិត​ជា​វិ​សម្ពាធ​ដដែល វិ​សម្ពាធ​នេះ​នឹង​ធ្វើ​ដំណើរ​ចូល​មក​ភាគ​កណ្តាល​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​១៧ តុលា​ស្អែក ។ ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឲ្យ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ច្រើន នៅ​តាម​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ឦសាន និង​ជួរ​ភ្នំក្រវាញ ពិសេស​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២១ តុលា ២០២០ ។​

​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចេញផ្សាយ​នៅ​ព្រលប់​ថ្ងៃ​ទី​១៦ តុលា ២០២០​នេះ ។​

​គួរ​បញ្ជាក់​ដែរ​ថា គិត​ចាប់តាំងពី​ថ្ងៃ​ទី​០១ កញ្ញា មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​១៦ តុលា​នេះ មនុស្ស​ចំនួន​១៨​នាក់​បាន​ស្លាប់​(​ក្មេង​៨​នាក់​) ដោយសារ​គ្រោះ​ទឹកជំនន់​ទូ​ទាំង​ប្រទេស​កម្ពុជា ។​

​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ទៀត​ថា ជំនន់​ទឹកភ្លៀង​បាន​បណ្តាល​រាជធានី ខេត្ត​ចំនួន​១៩​រង​ផល​ប៉ះពាល់​ក្នុង​នោះ​រួម​មាន​៖​រាជធានី​ភ្នំពេញ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ បាត់ដំបង ស្វាយ​រៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះ​សីហ​នុ កោះកុង ព្រះ​វិហារ ស្ទឹង​ត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ព្រមទាំង​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២១​ម៉ឺន​នាក់​រង​ផល​ប៉ះពាល់ ក្នុង​នោះ​ប្រជាពលរដ្ឋ​ជាង​២​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព ។​

​ក្រៅពី​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៥​ម៉ឺន​គ្រួសារ ផ្ទះ​ជាង​៥​ម៉ឺន​ខ្នង​(​ខូចខាត​៥២​ខ្នង​) ជំនន់​ទឹកភ្លៀង​ដែល​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ បណ្តាល​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​និង​ដំណាំ​ផ្សេង​ៗ​ជាង​២០​ម៉ឺន​ហិ​កតា​(​ស្រូវ​ជាង​១៣​ម៉ឺន​ហិ​កតា​) សាលារៀន​លិច​ទឹក​៤៣៩​កន្លែង និង ប៉ះពាល់​ផ្លូវជាតិ ផ្លូវ​ខេត្ត​និង​ផ្លូវ​គ្រួ​ស​ក្រហម ២៨៤​គីឡូម៉ែត្រ ផ្លូវលំ​ជនបទ​លិច​ទឹក ១៤៥៩​គីឡូម៉ែត្រ និង​លិច​ស្ពាន​២៤​កន្លែង​៕