អ្នកស្លាប់ដោយទឹកជំនន់កើនដល់១៨នាក់ និងប៉ះពាល់ពលរដ្ឋជាង២១ម៉ឺននាក់

គិត​ចាប់តាំងពី​ថ្ងៃ​ទី​០១ កញ្ញា មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​១៦ តុលា​នេះ មនុស្ស​ចំនួន​១៨​នាក់​បាន​ស្លាប់​(​ក្មេង​៨​នាក់​) ដោយសារ​គ្រោះ​ទឹកជំនន់​ទូ​ទាំង​ប្រទេស​កម្ពុជា ។​

​នេះ​បើ​យោង​តាម​ទិន្នន័យ​ផល​ប៉ះពាល់​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ឆ្នាំ​២០២០ របស់​នាយកដ្ឋាន​ព័ត៌មាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ។​

​បើ​តាម​របាយការណ៍​ដដែល ជំនន់​ទឹកភ្លៀង​បាន​បណ្តាល​រាជធានី ខេត្ត​ចំនួន​១៩​រង​ផល​ប៉ះពាល់​ក្នុង​នោះ​រួម​មាន​៖​រាជធានី​ភ្នំពេញ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ បាត់ដំបង ស្វាយ​រៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះ​សីហ​នុ កោះកុង ព្រះ​វិហារ ស្ទឹង​ត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ព្រមទាំង​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២១​ម៉ឺន​នាក់​រង​ផល​ប៉ះពាល់ ក្នុង​នោះ​ប្រជាពលរដ្ឋ​ជាង​២​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព ។​

​តាម​ទិន្នន័យ​ដដែល ក្រៅពី​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៥​ម៉ឺន​គ្រួសារ ផ្ទះ​ជាង​៥​ម៉ឺន​ខ្នង​(​ខូចខាត​៥២​ខ្នង​) ជំនន់​ទឹកភ្លៀង​ដែល​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ បណ្តាល​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​និង​ដំណាំ​ផ្សេង​ៗ​ជាង​២០​ម៉ឺន​ហិ​កតា​(​ស្រូវ​ជាង​១៣​ម៉ឺន​ហិ​កតា​) សាលារៀន​លិច​ទឹក​៤៣៩​កន្លែង និង ប៉ះពាល់​ផ្លូវជាតិ ផ្លូវ​ខេត្ត​និង​ផ្លូវ​គ្រួ​ស​ក្រហម ២៨៤​គីឡូម៉ែត្រ ផ្លូវលំ​ជនបទ​លិច​ទឹក ១៤៥៩​គីឡូម៉ែត្រ និង​លិច​ស្ពាន​២៤​កន្លែង​៕