ស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោស្ថិតក្នុងសភាពធ្ងន់ធ្ងរដដែល

គិត​ត្រឹម​ម៉ោង​៣​និង​២១​នាទី​រសៀល​ថ្ងៃ​ទី​១៦ តុលា​នេះ ស្ថានភាព​ទឹកជំនន់​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​នៅ​តែ​ធ្ងន់ធ្ងរ​នៅឡើយ ហើយ​អាជ្ញាធរ​នៅ​បន្ត​បិទ​កំណាត់​ផ្លូវ​ពី​ចំណុច​ស្ពាន​ព្រែក​ជ្រៃ​ទៅ​ដល់​រង្វង់​មូល​កួរស្រូវ ។​

​បើ​តាម​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​ជាង​៥០០០​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ក្នុង​នោះ​ក៍​មាន​ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​ចំនួន​ពីរ​ផង​ដែរ ។​

​ទឹកជំនន់​ដែល​បង្ក​ឡើង​ដោយ​ទឹកភ្លៀង​និង​ជំនន់​ស្ទឹង​ព្រែក​ត្នោត​នេះ​បាន​ហក់​ឡើង​ខ្ពស់ ដែល​បង្ក​អោយ​លិច​លង់ដល់​សង្កាត់​ចំនួន​៦​ក្នុង​ខណ្ឌដង្កោ គឺ​សង្កាត់​ស្ពានថ្ម សង្កាត់​ទៀន សង្កាត់​គង​ន​យ សង្កាត់​រលួស សង្កាត់​សាក់​សំពៅ និង សង្កាត់​ព្រែក​កំ​ពិស ។​

​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃស្អែក​ដល់ ១៩ ខែតុលា ឆ្នាំ​២០២០ រាជធានី​-​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្ដាល រួម​មាន ខេត្តសៀមរាប បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តកណ្ដាល និង រាជធានី​ភ្នំពេញ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​ជា​បន្តបន្ទាប់​ទៀត ៕