រាជធានីភ្នំពេញ ៖ ក្រពើមួយក្បាល ដែលមានទម្ងន់ជាង៣០គីឡូក្រាម បានរួចចេញពីអាងនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលថ្ងៃទី១៥ តុលា អំឡុងពេលទឹកជំនន់ខ្លាំង ត្រូវបានរកឃើញវិញហើយ ដោយខាងកសិដ្ឋានចិញ្ចឹមក្រពើនេះផ្ទាល់តែម្តង ។
បើតាមសារព័ត៌មានថ្មីៗ បានធ្វើកិច្ចសម្ភាសន៍ជាមួយម្ចាស់កសិដ្ឋានផ្ទាល់គឺលោក កាំង សារិន បានឱ្យដឹងនាព្រឹកថ្ងៃទី១៦តុលាថា ទោះបីជាក្រពើនេះ រួចចេញពីអាងមែនពិត ប៉ុន្ដែវាមិនបានទីណាឆ្ងាយពីកសិដ្ឋានឡើយ ពោលគឺក្រពើនោះ ស្ថិតនៅក្នុងបរិវេណសំណាញ់ការពារខាងក្រៅអាង ក្នុងកសិដ្ឋានដដែលទេ ។ ជាក់ស្តែង សំណាញ់ហ៊ុំព័ទ្ធអាចចិញ្ចឹមក្រពើនេះ មានកម្ពស់រហូតដល់ទៅ៣,៥ ម៉ែត្រឯណោះ ដែលបង្ការមិនឲ្យក្រពើរួចចេញពីកសិដ្ឋាន ដោយប្រការណាមួយឡើយ ។
បច្ចុប្បន្ននេះ ម្ចាស់កសិដ្ឋានថា ប្រសិនបើទឹកជំនន់នៅតែបន្តឡើងលោកនឹង ធ្វើសំណាញ់បន្តឡើងឱ្យកាន់តែខ្ពស់ថែមទៀត ដើម្បីការពារកុំឱ្យក្រពើទាំងជាង ១ពាន់ក្បាលដែលកសិដ្ឋានកំពុងចិញ្ចឹមអាចរួចចេញបាន ៕
ក្រពើមួយក្បាលរួចចេញពីកសិដ្ឋានមួយកន្លែងនៅខណ្ឌដង្កោដោយសារទឹកជន់លិច