រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋមកទទួលសេវាបណ្ណបើកបរយ៉ាងច្រើនកុះករ ពិសេសនៅផ្សារទំនើបអ៊ីអនទី១ រង់ចាំដោយរក្សាគម្លាត និងគោលការណ៍អនាម័យ តាមការណែនាំរបស់ក្រសួង ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវ និងស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាគម្លាតតាមការណែនាំ ដោយមានការសម្របសម្រួលរបស់មន្ត្រីផ្ទាល់ ពេលមកទទួលសេវាបណ្ណបើកបរ និងបន្តរក្សាភ្ជាប់គោលការណ៍អនាម័យ ពាក់ម៉ាសឲ្យត្រឹមត្រូវតាមការចាំបាច់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋថា ថ្ងៃទី០១ ឧសភា ២០២០ មណ្ឌលផ្តល់បណ្ណបើកបរអ៊ីអន១ និងអ៊ីអន២ និងគ្រប់មណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តទាំងអស់ដំណើរការធម្មតា ដើម្បីសម្រួលនឹងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ ។
សូមជម្រាបជូនផងដែរថា បច្ចុប្បន្ន មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មានចំនួន ៥ទីតាំងនៅក្នុងរាជធានីភ្នំពេញ (នៅផ្លូវ៥៩៨-ផ្លូវជាសុផារ៉ា, នៅបឹងបៃតងផ្លូវឧកញ៉ា ម៉ុង រិទ្ធី, នៅចំការដូង, នៅផ្លូវជាតិ៦អា និងនៅបឹងស្នោ) និង ៩ទីតាំងទៀត នៅខេត្ត ព្រះវិហារ, រតនគីរី, ក្រចេះ, សៀមរាប, បាត់ដំបង, កំពង់ស្ពឺ, ព្រះសីហនុ, កំពង់ចាម និង កំពង់ឆ្នាំង និងរថយន្តឈៀកចល័ត ៣។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះបងប្អូនប្រជាពលរដ្ឋអាចជ្រាបជាព័ត៌មាន និងអាចយករថយន្តរបស់ខ្លួនទៅធ្វើការត្រួតពិនិត្យបច្ចេកទេសយានយន្ត និងប្តូរបណ្ណបើកបរតាមទីតាំងដែលបានរៀបរាប់ខាងលើនេះបាន ៕