ប្រទេសស៊ុយអែត ៖ អភិបាលក្រុង Lund ប្រទេសស៊ុយអែត លោក Philip Sandberg បានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ថា ទីប្រជុំជន Lund របស់ស៊ុយអែត បានយកលាមកមាន់ទម្ងន់ប្រហែល១តោន មកចាក់ចោលនៅក្នុងឧទ្យានសំខាន់របស់ទីក្រុង ដើម្បីរារាំងការប្រមូលផ្តុំ និងរារាំងទីក្រុង ពីការក្លាយជាចំណុចកណ្តាលនៃមេរោគឆ្លងកូវីដ១៩។
គណៈកម្មាធិការបរិស្ថានទីក្រុង បាននិយាយកាលពីថ្ងៃអង្គារ៍ថា ឧទ្យាន Lund City នឹងត្រូវបានបិទសម្រាប់វិធានការថែរក្សាជួសជុល នៅថ្ងៃ Walpurgis ដែលជាថ្ងៃឈប់សម្រាកចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ នៅភាគខាងជើងអឺរ៉ុប។
លោក Sandberg បានប្រាប់ CNN ថា ពួកគេបានចាកលាមកមាន់ពេញហ្នឹង ហើយនឹងធ្វើឱ្យទីនោះមានក្លិនស្អុយអស់រយៈពេលជាច្រើនថ្ងៃ ដែលអាចការពារការប្រមូលផ្តុំរបស់ភ្ញៀវទេសចរ ក៏ដូចជាប្រជាជនមូលដ្ឋានផងដែរ។
លោក Sandberg បានមានប្រសាសន៍ថា៖ «វានឹងមានក្លិនស្អុយខ្លាំង ហើយវាក៏ជាជីសម្រាប់ធ្វើឱ្យផ្កាមានភាពស្រស់ស្អាតសម្រាប់រដូវក្តៅ ដែលមកដល់ក្នុងពេលឆាប់ៗនេះផងដែរ»។
ខណៈដែលប្រទេសស៊ុយអែត បានហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី ៥០នាក់ លោក Sandberg បាននិយាយនៅក្នុងទីក្រុង Lund ថាពួកគេកំពុងព្យាយាមធ្វើឱ្យប្រជាជនមានចម្ងាយឆ្ងាយពីគ្នា តាមដែលអាចធ្វើទៅបាន ដូចដែលវាត្រូវបានបង្ហាញឱ្យឃើញថា ការមកលេងនៅសួនគឺជាការប្រថុយប្រថាន៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)