រាជធានីភ្នំពេញ ៖ លិខិតបំភ្លឺរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានបំភ្លឺ ជុំវិញការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន ដែលថា «ស្រុកខ្មែរ អ្នកប្រមូលពន្ធជិះ Rolls Royce អ្នកបង់ពន្ធជិះឡានឥតកៅអី» និង «ផ្ទុះការរិះគន់ មន្ត្រីពន្ធដារ ជិះសុទ្ធតែឡានតម្លៃរាប់លាន ឯពលរដ្ឋអ្នកបង់ពន្ធរកតែឡានកញ្ចាស់មួយជិះមិនបានផង» ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការចុះផ្សាយព័ត៌មាននេះ គឺមិនពិតទេ ធ្វើឲ្យសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមានការយល់ច្រឡំថា មន្ត្រីពន្ធដារបានប្រើប្រាស់រថយន្តប្រណិត Rolls Royce នេះ ។ តាមពិតរថយន្តនេះ ជារបស់អ្នកជាប់ពន្ធដែលបានមកចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធទៅនឹងការបំពេញកាតព្វកិច្ចសារពើពន្ធជូនរដ្ឋ ។
ម្យ៉ាងវិញទៀតទីតាំងនៅខាងមុខច្រកចូលរបស់អគ្គនាយកដ្ឋានពន្ធដារ មិនមែនជាចំណតសម្រាប់មន្ត្រីពន្ធដារបានប្រើប្រាស់នោះឡើយ គឺសម្រាប់ទុកជូនអ្នកជាប់ពន្ធប៉ុណ្ណោះ ។
ការបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ បែបនេះ បន្ទាប់ពីនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលថ្ងៃទី២៧ មេសា មានគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះរូបភាព២សន្លឹក គឺមួយជារូបភាពនៅមុខអគារអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានរថយន្តប្រណីតទំនើបតម្លៃខ្ពស់កប់ពពក ម៉ាក Rolls Royce ២គ្រឿង ចតយ៉ាងឡូយ នៅមុខចក្រផ្លូវចូលតែម្តង ។ ចំណែករូបភាពមួយទៀតជារូបភាពកម្មកររោងចក្រ ជិះឡានឈ្នួល គ្មានកៅអីអង្គុយទេ គឺឈរ ប្រជ្រៀតគ្នា ។ ដោយសរសេរថា “សូមកុំមើលស្រាលនៃប្រទេសកម្ពុជា” អ្នកណាថា ស្រុកខ្មែរក្រ គ្រាន់តែអ្នកប្រមូលពន្ធជិះសុទ្ធតែឡានម៉ាក Rolls Royce ។ តម្លៃពី $311,900 រហូតដល់ $492,425 មុននឹងបង់ពន្ធដារ និងថ្លៃដឹកជញ្ជូន ដូច្នេះទម្រាំដឹកដល់ស្រុកខ្មែរ តម្លៃប្រហែលជិតឬក៏ជាង១លានដុល្លារ (Around $1,000,000 or more) ។ ហើយចំពោះអ្នកបង់ពន្ធឱ្យរដ្ឋវិញ ជិះឡានឥតកៅអី ឥតខ្សែក្រវាត់ ហើយបានព្រឹកខ្វះល្ងាច” ៕
សេចក្តីបំភ្លឺរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារមានដូចខាងក្រោម ៖