ទីបំផុតទៅ ប្តីដែលប្រើឈ្មោះដល់ទៅ៣ និង បានបាញ់ប្រពន្ឋនៅក្នុងរថយន្ត ខណៈកំពុងធ្វើដំណើរនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅខេត្តបាត់ដំបង ។
បើតាមសេចក្តីរាយការណ៍ចុងក្រោយថា មូលហេតុនៃការឈានដល់លើកដៃបាញ់សម្លាប់ប្រពន្ឋនោះ ដោយសារតែភ្លើងប្រចណ្ឌ ។
គួរបញ្ជាក់ថា ស្ត្រីម្នាក់បានរងរបួសធ្ងន់ដោយសារត្រូវគ្រាប់កាំំភ្លើងដែលប្តីរបស់ខ្លួនបានបាញ់សម្លាប់ តែមិនស្លាប់ ខណៈកំពុងជិះរថយន្តជាមួយគ្នា ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត៣ទៀបភ្លឺឈានចូលថ្ងៃទី២២ តុលា ២០២០ នៅចំណុចភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ ស.អ ស.ដ.ន អាយុ២៧ឆ្នាំ ។ចំណែកជនសង្ស័យដែលជនរងគ្រោះអះអាងថាជាប្តីអត់ខាន់ស្លាឈ្មោះ ឈ្មោះ ចាន់ ផល (ចាន់ ពៅ ) ឬ គុជ ផល្លី អាយុ ៥៧ឆ្នាំ ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះដែលត្រូវរបួសគ្រាប់កាំភ្លើងចំណុចលើ សុដន់ ផ្នែកខាងឆ្វេង (បៀមគ្រាប់ជាប់ក្នុងសាច់) តែសំណាងល្អមិនបាត់បង់ជីវិត ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកឲ្យគេជួយ និងត្រូវបានកម្លាំងនគរបាល និង ប្រជាការពារ ជួយសង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយក៍ត្រូវបានលោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបជួយឧបត្ថម្ភ៥០០ដុល្លារផងដែរ ។
នៅពេលនេះ សមត្ថកិច្ចកំពុងបញ្ជូនជនសង្ស័យមកកាន់ខេត្តសៀមរាប ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕