ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានគេឮយ៉ាងកក្រើកកាលពីម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ តុលា ២០២០នេះ នៅខេត្តព្រះសីហនុ ។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលជាតិបានប្រាប់ FN ថា ពិតជាមានករណីបាញ់កើតឡើងមែនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍នេះ ហើយថាករណីបាញ់នេះបង្កឡើងដោយជនជាតិចិននិងចិន ប៉ុន្តែមិនទាន់ដឹងពីមូលហេតុនៃការដែលចិនបាញ់ចិនបង្កឲ្យជនជាតិចិន២នាក់រងរបួសនោះនៅឡើយទេ ។
យ៉ាងណាក៍ដោយ បើតាមលោកផ្កាយ២ ជួន ណារិន្ទ ជនសង្ស័យក្នុងការបាញ់បោះសេរីកណ្តាលក្រុងទេសចរណ៍ខាងលើនេះ ត្រូវបានកងកម្លាំងព្រហ្មទណ្ឌឃាត់ខ្លួនបានភ្លាមៗ និង កំពុងសាកសួរ កសាងសំណុំរឿងបន្តចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា ចាប់តាំងពីជនជាតិចិនមានវត្តមាននៅខេត្តព្រះសីហនុប៉ុន្មានឆ្នាំកន្លងមកនេះ គេសង្កេតឃើញបញ្ហាអសន្តិសុខ ករណីជួញដូរគ្រឿងញៀន ការបាញ់បោះសេរី អំពើប្លន់ និងអំពើហិង្សាបានកើតឡើងញឹកញាប់ ហើយជនសង្ស័យដែលប្រព្រឹត្តបទល្មើស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ និងខ្លះក៍ត្រូវបានចាប់បញ្ជូនឲ្យត្រឡប់ទៅកាន់ប្រទេសចិនវិញផងដែរ ៕