រាជធានីភ្នំពេញ ៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ត្រូវបានប្រមុខរដ្ឋស្តីទីបញ្ចប់ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។ នេះបើយោងតាមព្រះរាជលិខិតរបស់ប្រមុខរដ្ឋស្តីទី។
យោងតាមព្រះរាជលិខិតបញ្ចប់មុខតំណែងចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយឡាយព្រះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីយ៉ាងដូច្នេះថា ត្រាប់បង្គាប់ ៖ មាត្រា១-ត្រូវបានបញ្ចប់មុខតំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានឋានៈស្មើទេសរដ្ឋមន្ត្រី ។ មាត្រា២-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្រនេះ ចាប់ពីថ្ងៃឡាយព្រះហត្ថលេខាតទៅ។
សូមជម្រាបជូនថា ការបញ្ចប់សមាជិកនេះ ធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ក្នុងនាមជាប្រធានគណបក្សខ្មែរក្រោក បានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្ទាប់ពីស្ថាប័ននេះ ត្រូវបានព្រះមហាក្សត្រសម្រេចបង្កើតឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៨ ។
គួររំលឹកថា ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន លេខពិសេសចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ បានសម្តែងនូវការសោកស្តាយចំពោះលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ដោយបានចាត់ទុកថាជាទង្វើមិនទទួលខុសត្រូវ និងភាពមិនយល់ដឹងពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារអំឡុងពេលចុះទៅបំពេញបេសកកម្មនៅតំបន់ឧទ្យានជាតិព្រះសីហនុ«រាម» កាលពីថ្ងៃទី២ ខែឧសភា ៕