រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ច កោះហៅមកសាកសួរ ករណីយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ យកមកបង្ហោះខុសពីការពិត ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសរបស់សមត្ថកិច្ច នេះបើយោងតាមទំព័រហ្វេសបុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ស្ត្រីដែល សមត្ថកិច្ចហៅមកអប់រំ មានឈ្មោះ គួក ស្រីណា ដែលប្រើប្រាស់គណនី TIK TOK ឈ្មោះ អែ ណា ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេគាត់បាននិយាយខុសពីការពិតដែលមើលងាយមកលើសមត្ថកិច្វ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅស្ត្រីឈ្មោះ គួក ស្រីណា ឲ្យចូលខ្លួនមកបំភ្លឺ ។ ក្រោយពីធ្វើការសួរនាំហើយ ស្ត្រីរូបនេះគាត់ក៏បានទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យា ដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ៕